ខេត្តបន្ទាយមានជ័យ៖ មុខសញ្ញាជួញដូរគ្រឿងញៀនដែលបានបាញ់សម្លាប់នាយរងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ហើយរត់គេចខ្លួននោះ ត្រូវបានសមត្ថកិច្ចនគរបាលនាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ សហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ និង ស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ ឃាត់ខ្លួនបានហើយ នៅភូមិទួលពង្រ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ នៅយប់ថ្ងៃទី ២៧ ខែ តុលា ឆ្នាំ ២០២៥ នេះ។

គួររំលឹកផងដែរថា កាលពីវេលាម៉ោង១៥ និង១០នាទីថ្ងៃទី ២៣ តុលា ២០២៥ កម្លាំងនគរបាលប្រឆាំងការជួញដូរគ្រឿង ញៀនខេត្តកំពង់ធំ ធ្វើប្រតិបត្តិការចុះបង្ក្រាបមុខសញ្ញាគ្រឿងញៀន នៅចំណុចភូមិបែកចាន ឃុំអណ្ដូងពោធិ៍ ស្រុកតាំងគោក ខេត្តកំពង់ធំ ។ ជនសង្ស័យមានគ្នាចំនួន០២នាក់គឺ ៖ ១: ឈ្មោះ ថន ឌីណា ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិបែកចាន ឃុំអណ្ដូងពោធិ៍ ស្រុកតាំងគោក ខេត្ត កំពង់ធំ និង២ ឈ្មោះថន សៀងហៃ អាយុ ២៩ឆ្នាំ ជាអ្នកដឹក ។

ពេលនោះជនសង្ស័យបានយកអាវុធAK47 បាញ់រះមកលើកម្លាំងនគរបាល បណ្ដាលឱ្យស្លាប់នគរបាលម្នាក់ និងរបួសនគបាល់ម្នាក់គឺ ៖
១: លោក វ.ទោ ហួន សាវ័យ (ស្លាប់)
២: លោក អ.ឯ ទឹម ចាន់នី (របួសធ្ងន់)
ក្រោយកើតហេតុ ជនសង្ស័យទាំង០២នាក់បានជិះម៉ូតូគេចទៅខាងស្រុកចំការលើ ខេត្តកំពង់ចាមបាត់ ដោយយកទាំងអាវុធK49 មួយដើម និងទូរស័ព្ទដៃរបស់នគរបាលទៅជាមួយផងដែរ៕

ដោយ៖ វិសាល

