សហរដ្ឋអាមេរិកលុបចោលទិដ្ឋាការចិនជាង១,០០០នាក់ ដោយបារម្ភពីបញ្ហាសន្តិសុខជាតិ

(វ៉ាស៊ីនតោន)៖ កាលពីថ្ងៃពុធ ទី៩ ខែកញ្ញានេះអ្នកនាំពាក្យក្រសួងការបរទេសបានឲ្យដឹងថា សហរដ្ឋអាមេរិកបានដកហូតទិដ្ឋាការសម្រាប់ជនជាតិចិនជាង ១,០០០នាក់ក្រោមការប្រកាសរបស់ប្រធានាធិបតីកាលពីថ្ងៃទី២៩ ខែឧសភាកន្លងមក ដើម្បីបញ្ឈប់ការចូលក្នុងប្រទេសនេះពីនិស្សិតនិងអ្នកស្រាវជ្រាវចិន ដែលសហរដ្ឋអាមេរិកចាត់ទុកបញ្ហានេះជាហានិភ័យផ្នែកសន្តិសុខជាតិ។នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន CNA ថ្ងៃព្រហសត្បិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០។

លោក Chad Wolf ប្រធានស្តីទីនៃក្រសួងសន្តិសុខសហរដ្ឋអាមេរិកបាននិយាយថា  “​ទីក្រុងវ៉ាស៊ីនតោនកំពុងរារាំងទិដ្ឋាការសម្រាប់និស្សិត និងអ្នកស្រាវជ្រាវចិន ដោយចោទប្រកាន់សារជាថ្មីថាចិនបានធ្វើចារកម្មរំលោភច្បាប់ ឧស្សាហកម្ម, ពាណិជ្ជកម្ម, ការប៉ុនប៉ងលួចស្រាវជ្រាវទិន្ន័យវ៉ាក់សាំងមេរោគកូវីដ១៩, ព្រមទាំង​បានចោទប្រកាន់ចិនថាបានរំលោភបំពានទិដ្ឋាកានិស្សិតដើម្បីកេងចំណេញការសិក្សានៅអាមេរិក “។ សកម្មភាពដកហូតទិដ្ឋាការនេះកំពុងត្រូវបានធ្វើឡើងក្រោមការប្រកាសរបស់ប្រធានាធិបតីដូណាល់ត្រាំដែលបានប្រកាសនៅថ្ងៃទី២៩ ខែឧសភា ដែលជាផ្នែកមួយនៃការឆ្លើយតបរបស់សហរដ្ឋអាមេរិកចំពោះចិនដែលបានអនុម័តច្បាប់សន្តិសុខជាតិថ្មីនៅហុងកុង។

ដោយឡែកក្នុងអំឡុងខែមិថុនា ប្រទេសចិនក៏បានចេញមកប្រឆាំងដាច់ខាតរាល់វិធានការណ៍របស់សហរដ្ឋអាមេរិកក្នុងការរឹតត្បិតនិស្សិតចិនមិនឱ្យសិក្សានៅសហរដ្ឋអាមេរិក ហើយបានជំរុញឱ្យទីក្រុងវ៉ាស៊ីនតោនធ្វើអ្វីៗបន្ថែមទៀតដើម្បីលើកកម្ពស់ការផ្លាស់ប្តូរ និងការយោគយល់គ្នាទៅវិញទៅមក។

គួរជម្រាបផងដែរថា ទំនាក់ទំនងចិន – អាម៉េរិកបានធ្លាក់ចុះដល់កម្រិតទាបជាប្រវត្តិសាស្ត្រជាមួយប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេពីរនៅលើពិភពលោកដែលមានជម្លោះទាក់ទងនឹងបញ្ហារាប់ចាប់ពីពាណិជ្ជកម្ម, សិទ្ធិមនុស្សនៅទីក្រុងហុងកុង និងជំងឺកូវីដ១៩៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២