មន្ត្រីការទូតចិន៖ អាមេរិកគឺជាអ្នកបង្ករឲ្យមានសកម្មភាពយោធា នៅសមុទ្រចិនខាងត្បូង

(ហុងកុង)៖ អ្នកការទូតជាន់ខ្ពស់រដ្ឋាភិបាលចិន លោក វ៉ាង យី បានឲ្យដឹងនៅថ្ងៃពុធទី ៩ ខែកញ្ញាថា សហរដ្ឋអាមេរិកំពុងធ្វើអន្តរាគមន៍ដោយផ្ទាល់ចូលក្នុងជម្លោះដែនដី និងដែនទឹកនៅក្នុងសមុទ្រចិនខាងត្បូង ដើម្បីតែដោយសារតែតម្រូវការនយោបាយរបស់ខ្លួនឯងប៉ុណ្ណោះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន ChannelNewsAsia នៅថ្ងៃព្រហស្បតិ៍ ទី១០ ខែកញ្ញា ឆ្នាំ២០២០។

នៅថ្ងៃពុធសប្ដាហ៍នេះ ក្នុងសន្និសីទវីដេអូជាមួយរដ្ឋមន្ត្រីការបរទេសក្នុងកិច្ចប្រជុំកំពូលអាស៊ាន​លោកវ៉ាង យីបានលើកឡើងថា “សន្តិភាព និងស្ថិរភាពគឺជាចំណាប់អារម្មណ៍យុទ្ធសាស្ត្រដ៏ធំបំផុតរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង វាក៏ជាសេចក្តីប្រាថ្នាយុទ្ធសាស្ត្រទូទៅរបស់ចិន និងបណ្តាប្រទេសអាស៊ានផងដែរ” ។ ហើយក៏បានឆ្លៀតចោទប្រកាន់ត្រង់ៗផងដែរថា សហរដ្ឋអាមេរិកគឺជាដើមហេតុ ដែលជំរុញឱ្យមានសកម្មភាពយោធានៅក្នុងតំបន់សមុទ្រខាងត្បូង។ មន្ត្រីការទូតរូបនេះបានបន្ថែមថា ប្រទេសចិនមានឆន្ទៈក្នុងការប្រាស្រ័យទាក់ទងនិងមានការសន្ទនាជាមួយសហរដ្ឋអាមេរិកដើម្បីសម្រេចបាននូវកិច្ចសហប្រតិបត្តិការ។

គួរជម្រាបថា កាលពីខែមុនសហរដ្ឋអាមេរិកបានដាក់ក្រុមហ៊ុនចំនួន ២៤ របស់ប្រទេសចិននិងបុគ្គលមួយចំនួនក្នុងបញ្ជីខ្មៅ ដែលពួកគេជាប់ពាក់ពន្ធ័នឹងផ្នែកមួយនៃសកម្មភាពសាងសង់ និងយោធានៅសមុទ្រចិនខាងត្បូង ដែលជាការដាក់ទណ្ឌកម្មលើកដំបូងរបស់ខ្លួនប្រឆាំងនឹងទីក្រុងប៉េកាំងជុំវិញបញ្ហាជម្លោះតំបន់ផ្លូវទឹក៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២