ភ្នំពេញ : ពិតជាប្រកួតប្រជែងបានលឿនគ្រាន់បើ តែមួយពព្រិចភ្នែកសោះក្រុមបាល់ទាត់ជើងខ្លាំងមកពីខេត្តសៀមរាប ស្រាប់តែលោតឡើងលើកំពូលតារាងប្រជែងជាមួយក្រុមTop 5 សម្រាប់សប្តាហ៍នេះ ។
កីឡារដូវកាលនេះ អង្គរថាយហ្គឺរ កំពុងប្រជែងកំពូលតារាង ក្រោយចាញ់តែ ២ ប្រកួតគិតត្រឹមថ្ងៃ ថ្ងៃអង្គារ ១១ វិច្ឆិកា ២០២៥ ដែលការប្រកួតប្រជែងកាន់តែជក់ចិត្តខ្លាំងឡើង ។
ក្រុម អង្គរថាយហ្គឺរ កំពុងធ្វើបានយ៉ាងល្អក្នុងរដូវកាលនេះ ដោយពួកគេកំពុងឈរចំណាត់ថ្នាក់លេខ២នៃតារាងលីគបាល់ទាត់កំពូលកម្ពុជា និងជាក្រុមប្រជែងកំពូលតារាង។


ក្រុមបាល់ទាត់មានមូលដ្ឋានមកពីទឹកដីអង្គរមួយនេះបានឆ្លងកាត់ ៩ ប្រកួត គឺឈ្នះ ៧ និងចាញ់ ២ រកបាន ២១ ពិន្ទុ ឈរលេខ ២ ក្នុងតារាង ស្មើពិន្ទុក្រុមកំពូលតារាង ព្រះខ័នរាជស្វាយរៀង។ ពួកគេបានចាញ់ក្រុម ព្រះខ័នរាជស្វាយរៀង ០-៣ និងចាញ់ ណាហ្គាវើលដ៍ ០-១ ខណៈ៧ប្រកួតផ្សេងទៀតសុទ្ធតែឈ្នះ។
កាន់តែពិសេសជាងនេះ អង្គរថាយហ្គឺរជាក្រុមដែលរកបានគ្រាប់បាល់ច្រើនជាងគេក្នុងចំណោម ១១ ក្រុមគិតត្រឹមសប្តាហ៍ទី១១។ ពួកគេរកបាន ៣០ គ្រាប់ពីការប្រកួត ៩ លើក ប៉ុន្តែត្រូវបានដៃគូស៊ុតចូលវិញ ១០ គ្រាប់ ធ្វើឲ្យពួកគេនៅពីក្រោម ព្រះខ័នរាជស្វាយរៀង ដែលស៊ុតចូលដៃគូ ២៧ គ្រាប់ តែត្រូវដៃគួស៊ុតចូល ៦ គ្រាប់ប៉ុណ្ណោះពីការប្រកួត ៨ លើក។
ការប្រកួតឈានដល់សប្តាហ៍ទី១១ សបញ្ជាក់យ៉ាងច្បាស់ថា ក្រុមអង្គរថាយហ្គឺរ មិនមែនត្រឹមតែប្រជែងក្រុមលំដាប់កំពូលទាំង ៦ (Top 6) ដែលត្រូវឡើងទៅជុំទី៣ប៉ុណ្ណោះទេ ប៉ុន្តែជាក្រុមដែលប្រជែងជើងឯកថែមទៀត។


អ្នកគាំទ្រជាច្រើនត្រូវបានមើលឃើញពីទម្រង់លេងដ៏ល្អគ្រប់តំបន់ មិនថា តំបន់ប្រយុទ្ធ តំបន់បម្រើ ឬការពារទេ។ ជាពិសេសជាក្រុមលេងប្រយុទ្ធច្រើនទើបធ្វើឲ្យពួកគេរកបានគ្រាប់បាល់ច្រើន។ ជាក់ស្តែង ពួកគេស៊ុតចូលក្រុម អាយអេសអាយ ដង្កោសែនជ័យ ដល់ទៅ ៨ គ្រាប់។
ហើយបើក្រឡេកមកមស្ថិតិ ៩ ប្រកួតរបស់ អង្គរថាយហ្គឺរ ហាក់ធ្វើបានល្អច្រើន ក្រៅពីមានការចាប់អារម្មណ៍ចំពោះលទ្ធផលនៃការប្រកួត ដែលមានដូចជា :
ឈ្នះ អឹមអួអាយ កំពង់ដេវ៉ា ៦-៣
ចាញ់ ព្រះខ័នរាជស្វាយរៀង ០-៣
ឈ្នះ គិរីវង់សុខសែនជ័យ ៤-០
ឈ្នះ អាយអេសអាយ ដង្កោសែនជ័យ ៨-០
ចាញ់ ណាហ្គាវើលដ៍ ០-១
ឈ្នះ បឹងកេត ៣-០
ឈ្នះ វិសាខា ៣-២
ឈ្នះ ឡាយហ្វ ខេត្តព្រះសីហនុ ៣-១
ឈ្នះ កងយោធពលខេមរភូមិន្ទុ ៣-0 ។
ក្រោយពីសង្កេតឃើញពីទម្រង់លេងប៉ុន្មានប្រកួតចុងក្រោយអាចនិយាយបានថាក្រុមមួយនេះនឹងនៅតែបន្តរក្សាលំនឹងក្នុងការប្រកួតប្រជែងជាមួយក្រុមខ្លាំងទាំងបួនក្រុមផ្សេងទៀតនៅសប្តាហ៍បន្ទាប់ធ្វើឲ្យអ្នកគាំទ្រកាន់តែមានជំនឿចិត្ត ក្នុងការឡើងទៅប្រជែងពានរដូវកាលនេះ៕

ដោយ វិកគី

