ភ្នំពេញ៖ សប្តាហ៍នេះប៊ុនតុង គុនខ្មែរ ត្រៀមប៉ះកីឡាករវ័យក្មេង មកពីប្រទេស Myanmar ជាកីឡាករវ័យក្មេង បើមើលតាមរូបភាព ប៉ុន្តែប៊ុនតុងថា មិនអាចមើលងាយបានទេ ក្មេងៗហ្នឹងហើយវាយសាហាវជាងមនុស្សចាស់ទៀត។ហើយការប្រកួតនៅក្នុងសប្តាហ៍នេះក៏មានការប្រកួតពានរង្វាន់ជាថ្មី ក្រោយពីរកឃើញម្ចាស់ខ្សែក្រវ៉ាត់IPCC Cambodia Mas Fight។ ហើយការប្រកួតដែលគេចាប់អារម្មណ៍នោះគឺប៊ុនតុង គុនខ្មែរ ត្រូវប្រកួតប៉ះ ស៊ីធូ ផ្យូ របស់មីយ៉ាន់ម៉ា ក្នុងការប្រកួតប្រភេទទម្ងន់ ៥១គីឡូក្រាម។


មូលហេតុដែលប៊ុនតុងថា កីឡាករវ័យក្មេងវាយសាហាវ ដោយសារគេធ្លាប់មានបទពិសោធន៍ ធ្លាប់ប៉ះកីឡាករដែលមើលមកក្មេងក្នុងរូបភាពបែបនេះ ប៉ុន្តែជាក់ស្ដែងជួបគ្នានៅខាងក្រៅមានកម្ពស់ខ្ពស់ ហើយវាយខ្លាំង ។
ដូច្នេះលើកនេះ ក៏គេមិនបារម្ភដោយសារគេបានត្រៀមខ្លួន ការហ្វឹកហាត់ពេញលេញជារៀងរាល់ថ្ងៃ ទោះមិនត្រូវមានឈ្មោះប្រកួតក៏ហាត់ខ្លាំងដូចមានឈ្មោះប្រកួតដែរ។

គួរជម្រាបផងដែរថា កីឡាករប៊ុនតុង គុនខ្មែរ ជាកីឡាករវ័យក្មេងមួយរូប ហាត់នៅក្លឹបគុនខ្មែរដូនតាជាមួយលោកគ្រូឃឹម សុជាតិ គេគឺជាអ្នកមានអាវុធកែងល្អ ហ្វឹកហាត់បច្ចុប្បន្នក៏បាននាំបងប្អូនប្រុសពីរនាក់មកហាត់ជាមួយដូចគ្នា ដោយរូបគេហ្វឹកហាត់ប្រដាល់គុនខ្មែរតាំងពីវ័យក្មេង ដោយចិត្តស្រឡាញ់។
នៅចុងសប្តាហ៍នេះ ក៏មានការប្រកួតជាច្រើនគូទៀត ដោយគូប្រកួតសរុបនៅលើសង្វៀន Cambodia Mas Fight សប្ដាហ៍នេះ គូម៉ារ៉ាតុនដណ្តើមពានរង្វាន់ (60Kg)រួមមាន៖
– ខាំ ចក្ររីន
– រឿប វិច្ឆិកា
– សៀង សេងហួរ
– ពុយ ឡាយ

**គូមិត្តភាពអន្តរជាតិគុនខ្មែរ (Kun Khmer Rules)រួមមាន៖
– ឌុន សុភុត Vs កីលាករម៉ារ៉ុក OUSSAMA DADDA ។
– ប៊ុនតុង គុនខ្មែរ Vs កីឡាករម៉ីយ៉ាន់ម៉ា SITHU PHYO
– ធី វ៉ារិទ្ធ Vs កីឡាករម៉ីយ៉ាន់ម៉ា YE LIN OO
– មឿន សុខហ៊ុច Vs កីឡាករម៉ីយ៉ាន់ម៉ា ONG HEN SWAN។



ព្រឹត្តិការណ៍ប្រកួតនេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៥ កម្មវិធីចាប់ផ្តើមពីម៉ោង ៣រសៀលតទៅ ទីតាំងនៅស្ថានីយទូរទស្សន៍ថោន។ ដោយមានការផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ TOWN FULL HDTV ,នៅលើហ្វេសប៊ុកផេក TOWN FULL HDTV, TOWN FM 102.25 និង Cambodia Beerផងដែរ៕
ដោយ៖ វិកគី

