ភ្នំពេញ៖ ក្រោយពីការពារខ្សែក្រវ៉ាត់ និងសងសឹកបានសម្រេច កីឡាករ អេ អាំម៉ារីនភូថង ត្រូវបានអ្នកគាំទ្រនិយាយសរសើរមិនដាច់ពីមាត់តាំងពីការប្រកួតចប់ជាមួយនឹងកីឡាករអង់គ្លេសម៉ូ អាប់ឌុលរ៉ាម៉ាន់ នៅលើសង្វៀន GANZBERG KUN KHMER TOUR CONCERT ។


រីឯកីឡាករម៉ឺន មេឃាវិញ ក៏ត្រូវបានទទួលស្គាល់ថា មិនត្រឹមតែមានឈាមជ័រជាអ្នកប្រយុទ្ធទទួលបានការគាំទ្រពីសំណាក់ឪពុកនោះទេ ប៉ុន្តែមកពីរូបគេមានដុងពីកំណើត ហើយគួបផ្សំជាមួយការខិតខំប្រឹងប្រែងរបស់ខ្លួនផ្ទាល់ផង។
មិនថាកីឡាករទាំងពីរទទួលរងបរាជ័យបែបណានោះទេ ក៏ប្រជាប្រិយភាពនៅតែមាន ព្រោះតែអ្នកគាំទ្របានមើលលើសមត្ថភាពរបស់គេទាំងពីរនាក់។ បើការប្រកួតឈ្នះ ឈ្នះដោយល្អមើល បើការប្រកួតចាញ់ ចាញ់ដោយប្រកួតអស់ពីសមត្ថភាព សាកសមជាកីឡាករអាជីពដែលតំណាងឲ្យគុនខ្មែរពិតប្រាកដ។


ជំនួបនៃការប្រកួតចុងក្រោយនៅទឹកដីខេត្តកោះកុង ធ្វើឲ្យកីឡាករទាំងពីររូបនេះ កាន់តែមានប្រជាប្រិយភាព ជាមួយនឹងការប្រើប្រាស់ស្នៀតប្រយុទ្ធបានយ៉ាងល្អ ជាពិសេសនាំមកនូវផ្ទាំងទស្សនីយ៍ភាពដ៏អស្ចារ្យនៅក្នុងព្រឹត្តិការណ៍ តារាសាគរ សាទរទេសចរណ៍កម្ពុជា។


គួរជម្រាបផងដែរថា តារាសាគរ សាទរទេសចរណ៍កម្ពុជានៅកោះកុង ជាមួយព្រឹត្តិការណ៍ប្រគុំតន្រ្តី និងគុនខ្មែរ Ganzberg Kun khmer Tour concert ជាមហាព្រឹត្តិការណ៍បុណ្យសមុទ្រដ៏ធំសម្បើមមានតែមួយគ្មានពី មានទាំងការប្រគំតន្ត្រី ប្រដាល់គុនខ្មែរ ការសម្ដែងសិល្បៈវប្បធម៌ និងការដាក់តាំងបង្ហាញ ពីភាពអស្ចារ្យស្រស់ស្អាតរបស់ទឹកដីខេត្តកោះកុង និងកម្ពុជា ។


ព្រឹត្តិការណ៍តារាសាគរ សាទរទេសចរណ៍សមុទ្រកម្ពុជា ដែលមានវត្តមានតារាចម្រៀងល្បីៗជួរមុខប្រចាំផលិតកម្មថោន រួមជាមួយតារាចម្រៀងល្បីៗជួរមុខប្រចាំប្រទេសជាច្រើនរូប ព្រមជាមួយកំពូលកីឡាករប្រដាល់គុនខ្មែរទាំងក្មេង ទាំងចាស់ដែលបានរៀបចំឡើងយ៉ាងជោគជ័យនៅទឹកដី ឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង បាន ទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិយ៉ាងច្រើនទៅទស្សនាព្រឹត្តិការណ៍មួយនេះ ៕

ដោយ៖ វិកគី

