សមត្ថកិច្ច ខេត្តព្រះសីហនុ ឃាត់ខ្លួនជនជាតិចិន៤នាក់ ក្រោយបាញ់រះ ចូលហាងចាក់សាក់ បណ្តាលអោយ ចិន២នាក់របួស

ភ្នំពេញ ៖ បុរសជនជាតិចិន២នាក់របួស ក្រោយពីត្រូវជនជាតិចិនមួយក្រុមទៀត បាញ់រះចូលក្នុងហាងចាក់សាក់មួយកន្លែង កាលពីម៉ោង២រំលងអធ្រាត្រឈានចូល ថ្ងៃទី២២ ខែតុលា ឆ្នាំ២០២០ នៅ​ចំណុចមហោស្រពចាស់ ស្ថិតនៅក្រុមទី៤ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ។

នៅក្នុងរបាយការណ៍របស់សមត្ថកិច្ច បានឲ្យដឹងថា មានជនជាតិចិន ៤នាក់ ជិះរថយន្តម៉ាក HUMMER ពណ៌ស បានដកអាវុធខ្លី ១ដើម បាញ់រះជាច្រើនគ្រាប់ចូលទៅក្នុងហាងចាក់សាក់ជនជាតិចិនមួយកន្លែង នៅចំណុចមហោស្រពចាស់ ស្ថិតនៅភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ បណ្តាលឲ្យរបួសបុរសជនជាតិចិន២នាក់ (១នាក់របួសដៃ និង១នាក់ទៀតរបួសជើង)។ បន្ទាប់ពីធ្វើសកម្មភាពបាញ់រះរួចមក ជនសង្ស័យបានជិះរថយន្តគេចខ្លួនបាត់។ ប៉ុន្តែនៅតែគេចមិនផុត ត្រូវបានសមត្ថកិច្ច ស្ទាក់ដេញចាប់ នៅចំណុចឆ្នេរឯករាជ្យ ស្ថិតនៅភូមិ១ សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ដោយជនសង្ស័យទាំង៤នាក់ បានចុះ​ពីរថយន្ត រត់ថ្មើរជើងកាត់តាមបណ្តោយឆ្នេរឯករាជ្យ។

ជនរងគ្រោះទាំង២នាក់៖១-ឈ្មោះ CHANG JINLONG អាយុ៤០ឆ្នាំ ជនជាតិចិន កាន់​លិខិតឆ្លងដែនលេខៈ EE2471751 មុខរបរ បើកហាងចាក់សាក់ ស្នាក់នៅក្រុមទី៤ ភូមិ២ សង្កាត់២ក្រុង-ខេត្តព្រះសីហនុ រងរបួសត្រូវដើមដៃខាងឆ្វេង១គ្រាប់(ធ្លាយ)។២-ឈ្មោះ CHA YON BING អាយុ ២៥ឆ្នាំ ជនជាតិចិន លិខិតឆ្លងដែន​(យកទៅបន្តវីសា)មុខរបរបើកហាងលក់ស្លឹកតែ ស្នាក់នៅក្រុម​ទី៤ ភូមិ២ សង្កាត់២ ក្រុង-ខេត្តព្រះសីហនុ រងរបួសត្រូវប្រអប់ជើងខាងឆ្វេង១គ្រាប់(ចំបញ្ឆិត)។

ជនសង្ស័យទាំង៤នាក់៖១-ឈ្មោះ HUANG XIAO HU ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិចិនគ្មានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរមិនពិតប្រាកដ ស្នាក់នៅ សណ្ឋាគារ ហាវឆឹង ស្ថិតនៅភូមិ៣សង្កាត់៤ ក្រុង-ខេត្តព្រះ សីហនុ ។ ២-ឈ្មោះ QIAN SHI CAI ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិចិន គ្មានលិខិតឆ្លងដែន​ជាប់ខ្លួន មុខរបរមិនពិតប្រាកដ ស្នាក់នៅសណ្ឋាគារ ហាវឆឹង ស្ថិតនៅភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះ សីហនុ ។៣-ឈ្មោះ CHENG YOU WEN ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិចិន គ្មានលិខិតឆ្លងដែនជាប់ខ្លួន មុខរបរ ប្តូរប្រាក់ ស្នាក់នៅសណ្ឋាគារ ហាវឆឹង ស្ថិតនៅ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។៤-ឈ្មោះ YIN YA GIANG ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិចិន គ្មានលិខិត​ឆ្លងដែនជាប់ខ្លួនមុខរបរបុគ្គលិកកាស៊ីណូ ហាវឆឹង ផ្នែក សេវាកម្មបម្រើអតិថិជន ស្នាក់នៅសណ្ឋាគារ ហាវឆឹងស្ថិតនៅ ភូមិ៣ សង្កាត់៤ ក្រុង-ខេត្តព្រះសីហនុ ។

វត្ថុតាងចាប់យកបាន៖អាវុធខ្លី១ដើម ម៉ាកCZ-75 (លេខរលុប),បង់១ និងគ្រាប់កាំភ្លើងចំនួន​២០គ្រាប់ ។រថយន្តម៉ាក HUMMER ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BI-7260 ។វត្ថុតាងបន្សល់ទុកកន្លែងកើតហេតុសម្បកកាទុស ១០គ្រាប់ ។

ករណីនេះកើតឡើងដោយសារ ជនសង្ស័យឈ្មោះ HUANG XIAO HU បានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធ ដែលជាប្អូនស្រីរបស់ជនរងគ្រោះឈ្មោះ CHANG JINLONG ដោយប្រពន្ធរបស់ជនសង្ស័យខឹងខ្លាំង​ពេក ក៏បានអារដៃខ្លួនឯងបណ្តាលឲ្យរងរបួស បន្ទាប់ពីដឹងរឿងនេះជនរងគ្រោះឈ្មោះ CHANG JINLONG បានទៅមើលប្អូនស្រីរបស់ខ្លួនដែលកំពុងព្យាបាលរបួស​នៅមន្ទីរ ពេទ្យ។ពេលនៅក្នុងមន្ទីរពេទ្យ ជនសង្ស័យឈ្មោះ HUANG XIAO HU មិនបានទៅមើល​ប្រពន្ធទេ ដោយទុកឲ្យបក្ខពួក ២នាក់:(១-ឈ្មោះ QIAN SHI CAI , ២-ឈ្មោះCHENG YOU WEN ) នៅមើលជំនួស ពេលនោះជនរងគ្រោះបានសួរនាំ ហេតុអ្វីមិនឃើញជនសង្ស័យ​ឈ្មោះ HUANG XIAO HU មកមើលប្រពន្ធដែលកំពុងសម្រាកនៅមន្ទីរពេទ្យ​បន្ទាប់មកក៏មានមិត្តភក្តិរបស់ជនរងគ្រោះបានដេញវាយ និងប្រើកាំបិតដេញកាប់ ទៅលើបក្ខពួករបស់ជនសង្ស័យ ២នាក់នោះ តែពួកគេទាំង២នាក់ បានរត់ គេចខ្លួនទាន់ ហើយក៏បើករថយន្ត ម៉ាក HUMMER ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2BI-7260 ចេញទៅរកជនសង្ស័យឈ្មោះ HUANG XIAO HU និងជនសង្ស័យឈ្មោះ YIN YA GIANG ដោយពួកគេបានប្រាប់ពីរឿងត្រូវបានមិត្តភក្តិរបស់ជន​រងគ្រោះ ដេញវាយនិងកាប់ ហើយជនសង្ស័យទាំង ៤នាក់ ក៏បានបើករថយន្ត ម៉ាកHUMMER ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2BI-7260 ទៅហាងចាក់សាក់របស់ជនរងគ្រោះនៅមហោស្រពចាស់។ ពេលទៅដល់ជនសង្ស័យទាំង៤នាក់ បានចុះពីរថយន្ត និងគោះទ្វារហាងរបស់ជនរងគ្រោះ ពេលនោះជនរង គ្រោះមិនព្រមបើកទ្វារ ជនសង្ស័យឈ្មោះ HUANG XIAO HU ក៏បានដកកាំភ្លើងខ្លី១ដើម ម៉ាក CZ-75 បាញ់ចូលទៅក្នុងហាងរបស់ជនរងគ្រោះ​ចំនួន១០គ្រាប់ បណ្តាលឲ្យជនរងគ្រោះទាំង ២នាក់ ត្រូវគ្រាប់កាំភ្លើងម្នាក់មួយគ្រាប់ ។ បន្ទាប់ពីធ្វើសកម្មភាពរួច ជនសង្ស័យទាំង៤នាក់ បានជិះរថយន្តគេចខ្លួនទៅឆ្នេរឯករាជ្យ ស្ថិតនៅភូមិ១សង្កាត់៣ ក្រុង-ខេត្តព្រះសីហនុ ហើយក៏ត្រូវកម្លាំង​សមត្ថកិច្ចចាប់ខ្លួនបានតែម្តង៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២