សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម វ៉ាង វិនពីន ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២៦នេះបានអញ្ជើញជាអធិបតីភាព ក្នុងពិធីសម្ពោធរោងចក្រផលិតកែច្នៃកៅស៊ូ របស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) នៅស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។


ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា)បានបោះទុនវិនិយោគសុរបប្រមាណជា៣០លានដុល្លារ ដើម្បីសាងសង់រោងចក ផលិតកែច្នៃជ័រកៅស៊ូនេះ លើផ្ទៃដីជិត១៥ហិកតា ដែលមានសមត្ថភាពផលិតជ័រកៅស៊ូសរុប ប្រមាណជា១០ម៉ឺនតោនក្នុងមួយឆ្នាំ ព្រមទាំងផ្តល់ការងារជូនប្រជាពលរដ្ឋកម្ពុជាយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងនោះការងារផ្ទាល់ ប្រមាណជា៣០០កន្លែង និងការងារប្រយោល(អ្នកចៀរជ័រកៅស៊ូ) ប្រមាណជាង ៥ ម៉ឺនកន្លែង។ហើយក្រុមហ៊ុននេះក៏មានគម្រោងសាងសង់រោងចក្រផលិតកែច្នៃ កៅស៊ូទី២ ក្នុងខេត្តរតនគិរី ជាមួយទុនវិនិយោគសរុប ៣០ លានដុល្លារអាមេរិក និង មានសមត្ថភាពផលិតជ័រកៅស៊ូចំនួន ១០ ម៉ឺនតោន ក្នុងមួយឆ្នាំ ដូចគម្រោងទី១នេះផងដែរ។


នៅក្នុងឱកាសនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថា ការសម្រេចវិនិយោគសាងសង់រោងចក្រផលិតកែច្នៃជ័រកៅស៊ូធំទំនើបរបស់ក្រុមហ៊ុន គីមស៍ រ៉ាប់ប៊ើរ (ខេមបូឌា) ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Mainland Group កំពុងឆ្លុះបញ្ចាំងពីសារៈសំខាន់ នៃកត្តាសុខសន្តិភាព ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍន៍សង្គម សេដ្ឋកិច្ចជាតិ ឱ្យរីកចម្រើន ឆាប់រហ័ស ព្រមទាំងបង្ហាញពីទំនុកចិត្ត និងភាពជឿជាក់ របស់វិនិយោគិន ទាំងខ្មែរ និងបរទេសមកលើបរិយាកាសធុរកិច្ចអំណោយផលរបស់កម្ពុជា។រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញ «យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១» ដោយសម្លឹងឆ្ពោះទៅសម្រេច «ចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០»។ ក្នុងក្របខ័ណ្ឌនៃយុទ្ធសាស្ត្រនេះ រាជរដ្ឋាភិបាលនៅតែចាត់ទុកវិស័យឯកជនជាដៃគូសំខាន់ និង មិនអាចខ្វះបាន នៅក្នុងការអភិវឌ្ឍន៍សង្គមសេដ្ឋកិច្ចកម្ពុជា ខណៈដែលការកែច្នៃផលិតផលកសិកម្ម ត្រូវបានចាត់ទុកជាការងារ អាទិភាព ដើម្បីបង្កើនតម្លៃបន្ថែមដល់ផលិតផលកសិកម្មជាតិ លើកកម្ពស់ភាពប្រកួតប្រជែង បង្កើតការងារ និងលើកស្ទួយជីវភាពប្រជាកសិករខ្មែរ។ ក្នុងន័យនេះ រាជរដ្ឋាភិបាលបាននិងកំពុង ខិតខំកែលម្អបរិយាកាសធុរកិច្ច និង វិនិយោគ នៅកម្ពុជា ដែលបានសម្រាលបន្ទុកអាជីវកម្ម ជាបន្តបន្ទាប់ និងសម្រួលប្រតិបត្តិការអាជីវកម្មជាលំដាប់។


សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្តទៀតថារាជរដ្ឋាភិបាលបានដាក់ចេញ និងកំពុងជំរុញការអនុវត្តន៍ គោលនយោបាយ និង ផែនការសកម្មភាព ក្នុងវិស័យកសិកម្ម និយាយជារួមនិងអនុវិស័យកសិ-ឧស្សាហកម្ម និយាយដោយឡែក សម្រាប់ជំរុញការកែច្នៃផលិតផលកសិកម្ម សំដៅប្រែក្លាយពីការនាំចេញវត្ថុធាតុដើម ទាំងស្រុង ទៅជាការកែច្នៃវត្ថុធាតុដើមក្នុងស្រុក ឱ្យទៅជាផលិតផលពាក់កណ្ដាលសម្រេច និងផលិតផលសម្រេច សម្រាប់ផ្គត់ផ្គង់ក្នុងស្រុក និងបម្រើដល់ការនាំចេញ។រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយជាតិអភិវឌ្ឍវិស័យកសិកម្ម ឆ្នាំ២០២២-២០៣០ ដើម្បី ជំរុញការអភិវឌ្ឍន៍វិស័យកសិកម្ម តាមរយៈការកែលម្អខ្សែច្រវាក់ផលិតកម្មកសិកម្ម ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធកសិកម្ម ការផ្តល់ឥណទានសម្បទាន ការសម្រួលដល់កសិ-ពាណិជ្ជកម្ម ការកែទម្រង់ការគ្រប់គ្រងធនធានដីកសិកម្ម ព្រៃឈើ និងជលផល ការពង្រឹងអភិបាលកិច្ចស្ថាប័ន និង ការអភិវឌ្ឍន៍មូលធនមនុស្សក្នុងវិស័យកសិកម្ម។ហើយរាជរដ្ឋាភិបាលបន្តចាត់ទុកកៅស៊ូជាដំណាំយុទ្ធសាស្ត្រ ដោយបានដាក់ចេញ ផែនការយុទ្ធសាស្ត្រសម្រាប់ការអភិវឌ្ឍន៍ឧស្សាហកម្មកៅស៊ូធម្មជាតិនៅកម្ពុជា ២០១១-២០២០ និងផែនការយុទ្ធសាស្ត្រអភិវឌ្ឍកៅស៊ូធម្មជាតិ ឆ្ពោះទៅឆ្នាំ២០៣០ ដើម្បីលើកកម្ពស់សក្តានុពល ដំណាំកៅស៊ូ ឱ្យដល់កម្រិតសក្ដានុពល ទាំងបរិមាណ និង គុណភាព និងធ្វើឱ្យប្រសើរឡើង នូវខ្សែច្រវាក់តម្លៃផលិតផលកៅស៊ូ ប្រកបដោយ ទំនុកចិត្ត និង ភាពប្រកួតប្រជែង៕


សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ចំណូលសរុបពីការលក់ផលិត៨៣៣លានដុល្លារ កើន២២ភាគរយ ធៀប២០២៤ ដោយមួយផ្នែកដោយសារតម្លៃកៅស៊ូឡើងថ្លែង។ ចំណូលនាំចេញកៅស៊ូថយចុះ ប៉ុន្ដែលក់ក្នុងស្រុកកើនឡើង មានន័យថា បម្រើនៅក្នុងស្រុកច្រើនជាងនាំចេញ បំពេញតម្រូវការក្នុងស្រុក នេះជាគោលដៅនៃការអភិវឌ្ឍវិស័យកសិកម្ម៕

ដោយ៖ វិចិត្រ

