ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន(JICA)បានផ្តល់ហិរញ្ញប្បទាននូវទំហំទឹកប្រាក់ចំនួន១៧១,៣លានដុល្លារអាម៉េរិកសម្រាប់អនុវត្តគម្រោងសំខាន់ចំនួនពីរគឺនៅរាជធានីភ្នំពេញ និងនៅខេត្តកំពង់ចាម។ហើយពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទាននេះបានប្រព្រឹត្តទៅ នាព្រឹកថ្ងៃទី ២៥ ខែមិថុនា ឆ្នាំ ២០២៦ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រវាងឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោក SANUI Kazuma, ប្រធាន ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុនប្រចាំកម្ពុជា (Chief Representative of JICA Cambodia Office)។


កិច្ចព្រមព្រៀងហិរញ្ញប្បទានចំនួន ០២ ដែលមានទំហំទឹកប្រាក់សរុបចំនួន ២៥ ៤២៦ លានយ៉េនជប៉ុនស្មើប្រមាណជា ១៧១,៣ លានដុល្លារអាម៉េរិក សម្រាប់អនុវត្តគម្រោងដូចខាងក្រោម៖
១. កិច្ចព្រមព្រៀងហិរញ្ញប្បទានឥតសំណង សម្រាប់គម្រោងសាងសង់វិទ្យាស្ថានគរុកោសល្យនៅខេត្តកំពង់ចាម (Establishment of the Teacher Education College in Kampong Cham Province) មានទឹកប្រាក់ ចំនួន ១ ១៨៩ លានយ៉េនជប៉ុន (ត្រូវជាប្រមាណ ៧,៥ លានដុល្លារអាមេរិក)។ គម្រោងនេះ មានគោលបំណង លើកកម្ពស់សមត្ថភាពរបស់គ្រូបង្រៀនដែលបានទទួលការបណ្តុះបណ្តាលនៅវិទ្យាស្ថានគរុកោសល្យ នៅក្នុង ខេត្តកំពង់ចាម តាមរយៈការផ្តល់សម្ភារៈបរិក្ខារ និងឧបករណ៍អប់រំចាំបាច់នានា និងដើម្បីធ្វើឱ្យប្រសើរឡើងនូវកម្រិតគ្រឹះស្ថានបណ្តុះបណ្តាលគ្រូបង្រៀនដែលមានស្រាប់ទៅជាវិទ្យាស្ថានគរុកោសល្យ ដោយធ្វើការសាងសង់ អគារថ្មីចំនួន ២ខ្នង រួមមាន អគារស្ទែម (STEM) សម្រាប់ការអប់រំវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា និងអគារសាលប្រជុំ ព្រមទាំងបំពាក់ធនធានសំខាន់ៗនៅក្នុងអគារថ្មី និងនៅក្នុងអគារដែលមានស្រាប់។


២. កិច្ចព្រមព្រៀងឥណទានសម្បទាន សម្រាប់គម្រោងស្តារឡើងវិញនូវប្រព័ន្ធស្រោចស្រព និងប្រព័ន្ធដោះទឹកភាគនិរតីរាជធានីភ្នំពេញ (កញ្ចប់ឥណទានទី៣) [Southwest Phnom Penh Irrigation and Drainage Rehabilitation and Improvement Project (III)] មានទំហំទឹកប្រាក់ចំនួន ២៤ ២៣៧ លានយ៉េនជប៉ុន (ត្រូវ ជាប្រមាណ ១៦៣,៨ លានដុល្លារអាមេរិក)។ គម្រោងនេះ មានគោលបំណងបង្កើនផលិតភាពកសិកម្ម និងកាត់បន្ថយការខូចខាតដោយសារទឹកជំនន់នៅតាមតំបន់ជនបទ និងតំបន់ដែលខ្វះខាត តាមរយៈការកែលម្អ និង ស្តារឡើងវិញនូវប្រព័ន្ធធារាសាស្ត្រដែលមានអនុគម្រោងចំនួន ២ រួមមាន៖ អនុគម្រោងរលាំងជ្រៃ និងអនុគម្រោង កណ្តាលស្ទឹង-បាទី ដែលស្ថិតក្នុងខេត្តកំពង់ស្ពឺ, ខេត្តតាកែវ, និងខេត្តកណ្តាល ដែលនឹងចូលរួមចំណែកដល់ ការលើកកម្ពស់កម្រិតជីវភាពរស់របស់ប្រជាពលរដ្ឋនៅផងដែរ។
ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងហិរញ្ញប្បទានថ្ងៃនេះ បានឆ្លុះបញ្ចាំងពីការរីកចម្រើននៃកិច្ចសហប្រតិបត្តិការ ដ៏រឹងមាំ និងយូរអង្វែងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលជប៉ុន តាមរយៈការផ្តល់ហិរញ្ញប្បទានសម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA) ក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង និងឥណទានសម្បទាន។

បើយោងតាមសេចក្តីជូនដំណឹងរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឱ្យដឹងថា ប្រទេសជប៉ុននៅតែជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់ក្នុងចំណោមដៃគូអភិវឌ្ឍន៍ធំៗរបស់កម្ពុជា ជាពិសេសគឺ ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងកម្ពុជា-ជប៉ុន បន្ទាប់ពីការដំឡើងកម្រិតទំនាក់ទំនងពី “ភាពជាដៃគូយុទ្ធសាស្ត្រ” ទៅជា “ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ” ក្នុងឆ្នាំ២០២៣ ដែលនេះជាការបើកផ្លូវសម្រាប់ការពង្រីកកិច្ចសហប្រតិបត្តិការ និងការបង្កើតគម្រោង អាទិភាពថ្មីៗបន្ថែមទៀត ស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលកម្ពុជា។
ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា រដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA)បានប្តេជ្ញាចិត្តយ៉ាងមុតមាំ ក្នុងការពង្រឹងភាពជាដៃគូយុទ្ធសាស្ត្ររយៈពេលវែងជាមួយរាជរដ្ឋាភិបាលកម្ពុជា និងបន្តគាំទ្រដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមរបស់ប្រទេស តាមរយៈហិរញ្ញប្បទាន សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ផ្លូវការ (ODA) ទាំងក្នុងក្របខ័ណ្ឌហិរញ្ញប្បទានឥតសំណង ឥណទានសម្បទាន និងជំនួយបច្ចេកទេសដទៃទៀត៕

ដោយ៖ វិចិត្រ

