កំណាត់ផ្លូវជាតិលេខ៧ ពីរង្វង់មូលស្គន់ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា(ក្រុងកំពង់ចាម)ត្រូវបានសម្ភោធដាក់ឱ្យប្រើប្រាស់ហើយ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជណាចក្រកម្ពុជានៅព្រឹកថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០២៦នេះបានអញ្ជើញជាអធិបតីក្នុងពិធីសម្ពោធបើកឱ្យប្រើប្រាស់ជាផ្លូវការនូវកំណាត់ផ្លូវជាតិលេខ៧ ប្រវែង ៤៥,៤៨៩ គីឡូម៉ែត្រ ចាប់ពីរង្វង់មូលស្គន់ ដល់រង្វង់មូលគល់ស្ពានគីហ្សូណា (ក្រុងកំពង់ចាម) ក្រោមឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន។

កំណាត់ផ្លូវជាតិលេខ ៧ នឹងផ្តល់ប្រាក់ចំណេញផ្នែកសេដ្ឋកិច្ចក្នុងអត្រា ១៥,២៧% ដែលជាផលចំណេញទៅដល់ប្រជាពលរដ្ឋ និងសេដ្ឋកិច្ចមូលដ្ឋាន ពីការដឹកជញ្ជូន ចំណេញពេលវេលា និងការដឹកកសិផល។ កំណាត់ផ្លូវជាតិលេខ៧នេះត្រូវបានស្ថាបនាឡើងវិញរួចរាល់ និងត្រូវបានដាក់សម្ពោធឱ្យប្រើប្រាស់នាពេលនេះ មានប្រវែង ៤៥,៤៨៩គីឡូម៉ែត្រ ជាប្រភេទផ្លូវក្រាលបេតុងកៅស៊ូ(AC) កម្រាស់ ៩សង់ទីម៉ែត្រ និងបេតុងសរសៃដែក កម្រាស់ ២៦សង់ទីម៉ែត្រ ដោយមានគន្លងផ្លូវធ្វើចរាចរណ៍ចំនួន ៤គន្លង។ ប្រើប្រាស់រយៈពេលសាងសង់ចំនួន ២៧ខែ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ ដោយបានចំណាយថវិកាសរុបជាង ១១៧លានដុល្លារអាម៉េរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានមានប្រសាសន៍ថាការស្ថាបនាពង្រីកកំណាត់ផ្លូវជាតិនេះឡើងវិញគឺដើម្បីប្រែក្លាយជាហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន ឱ្យរឹងមាំ ធំទូលាយ សម្រួលដល់ការធ្វើដំណើរ និងការដឹកជញ្ជូនទំនិញ ជាពិសេសផលិតផលកសិកម្ម និងកសិ-ឧស្សាហកម្ម រួមចំណែកជំរុញការអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមនៅក្នុងខេត្តកំពង់ចាម និងបណ្ដាខេត្តជាប់ព្រំប្រទល់ ដែលមានសក្តានុពលក្នុងការពង្រីកសកម្មភាពពាណិជ្ជកម្ម និងការផ្លាស់ប្ដូរទំនិញ របស់ប្រជាពលរដ្ឋ។ លើសពីនេះ កំណាត់ផ្លូវជាតិលេខ៧ ក៏មានតួនាទីសំខាន់ក្នុងការលើកកម្ពស់វិស័យទេសចរណ៍ ដោយភ្ជាប់ការធ្វើដំណើរទៅកាន់ប្រាសាទបុរាណ រមណីយដ្ឋានធម្មជាតិ និងតំបន់វប្បធម៌ប្រវត្តិសាស្ត្រនានាក្នុងខេត្តកំពង់ចាម។

 

សម្តេចមហាបវរធិបតីបានបន្តទៀតថា ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនេះ ស្របតាមសំណូមពរ និងតម្រូវការជាក់ស្តែងរបស់កម្ពុជា ក្នុងការពង្រឹង និងពង្រីកបណ្តាញដឹកជញ្ជូន ឆ្លើយតបទៅនឹងគោលនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាល ដែលផ្តោតលើការតភ្ជាប់ប្រកបដោយប្រសិទ្ធភាពទាំងក្នុងប្រទេស និងក្នុងតំបន់ ការលើកកម្ពស់ប្រព័ន្ធឡូជីស្ទីក និងការជំរុញកំណើនសេដ្ឋកិច្ចជាតិឱ្យស្របតាមការរីកចម្រើនរបស់កម្ពុជា និងសកលលោក៕

  
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២