ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និង សហប្រតិបត្តិការអន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃប្រទេសជប៉ុនប្រចាំព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦នេះបានចុះហត្ថលេខាលើលិខិតប្តូរសារ និង ឯកសារពាក់ព័ន្ធ ស្តីពីការផ្តល់ហិរញ្ញប្បទានឥតសំណងរបស់រដ្ឋាភិបាលជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ៤១៦លានយ៉េន (ប្រមាណ២.៨លានដុល្លារអាម៉េរិក) សម្រាប់អនុវត្តគម្រោងអាហារូបករណ៍អភិវឌ្ឍន៍ធនធានមនុស្ស។


គម្រោងនេះ នឹងផ្តល់ឱកាសដល់មន្ត្រីរាជការវ័យក្មេងរបស់កម្ពុជា ក្នុងការបន្តការសិក្សាថ្នាក់ក្រោយឧត្តមសិក្សា នៅតាមសាកលវិទ្យាល័យល្បីល្បាញនានានៅក្នុងប្រទេសជប៉ុន។
ហិរញ្ញប្បទានឥតសំណងនេះ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសជប៉ុន ក្នុងការគាំទ្រដល់ការអភិវឌ្ឍន៍ធនធានមនុស្សរបស់កម្ពុជា ជំរុញការអភិវឌ្ឍន៍សង្គម-សេដ្ឋកិច្ចកម្ពុជា ព្រមទាំងលើកកម្ពស់បន្ថែមទៀតនូវភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ៕

ដោយ៖ វិចិត្រ

