ចិនព្រមានដល់សហរដ្ឋអាមេរិកឱ្យបញ្ឈប់ការបង្កើនទំនាក់ទំនងជាមួយកោះតៃវ៉ាន់

(ប៉េកាំង)៖ ប្រទេសចិនបានព្រមានដល់សហរដ្ឋអាមេរិកកាលពីថ្ងៃពុធសប្តាហ៍នេះថា ឲ្យបញ្ឈប់ការបង្កើនទំនាក់ទំនងជាមួយកោះតៃវ៉ាន់ បន្ទាប់ពីទីក្រុងវ៉ាស៊ីនតោ ននិងតៃប៉ិបានប្រកាសថាពួកគេនឹងធ្វើកិច្ចចរចាសេដ្ឋកិច្ចនៅក្នុងខែនេះ ដែលរដ្ឋាភិបាលតៃវ៉ាន់បានពិពណ៌នាថាជា“ ព្រឹត្តិការណ៍ដ៏សំខាន់” នៅក្នុងទំនាក់ទំនងរវាងប្រទេសទាំងពីរ។ នេះបើយោងតាមការចេញផ្សាយដោយសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០។

ចិនបានចាត់ទុកទឹកដីតៃវ៉ាន់ដែលឋិតក្នុងការគ្រប់គ្រងដោយប្រទេសខ្លួន ដោយមិនមានសិទ្ធិក្នុងការមានទំនាក់ទំនងជាផ្លូវការជាមួយប្រទេសដទៃទៀតឡើយ។ ទន្ទឹមនឹងនេះ ចិនបារម្ភពីសកម្មភាពថ្មីៗ ដែលជាបង្កើនការគាំទ្ររបស់សហរដ្ឋអាមេរិកចំពោះកោះមួយនេះ រួមទាំងមានការលក់អាវុធថ្មី និងការធ្វើទស្សនកិច្ចនៅតៃប៉ិដោយមន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិកផងដែរ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃនៅទីក្រុងប៉េកាំងអ្នកនាំពាក្យក្រសួងការបរទេសចិនលោក Wang Wenbin បាននិយាយថា ចិនជំទាស់រាល់ការផ្លាស់ប្តូរជាផ្លូវការណាមួយរវាងទីក្រុងវ៉ាស៊ីនតោននិងតៃប៉ិ។ លោកក៏បានទូទចដល់សហរដ្ឋអាមេរិក ឲ្យបញ្ឈប់រាល់ការផ្លាស់ប្តូរជាផ្លូវការណាមួយ និងបញ្ឈប់ការបង្កើនទំនាក់ទំនងដ៏សំខាន់ជាមួយកោះតៃវ៉ាន់។

គួរជម្រាបថា រដ្ឋាភិបាលតៃវ៉ាន់នឹងបញ្ជូនគណៈប្រតិភូមួយក្រុមទៅកាន់ទីក្រុងវ៉ាស៊ីនតោនដែលដឹកនាំដោយអនុរដ្ឋមន្ត្រីក្រសួងកិច្ចការចិនលោក Chen Chern-chy សម្រាប់បើកកិច្ចប្រជុំ នៅថ្ងៃទី ២០ ខែវិច្ឆិកាខាងមុខនេះ នៃកិច្ចពិភាក្សាភាពជាដៃគូសេដ្ឋកិច្ចអាមេរិក – តៃវ៉ាន់។កិច្ចពិភាក្សានេះគឺជាព្រឹត្តិការណ៍សំខាន់មួយនៃទំនាក់ទំនងសេដ្ឋកិច្ចតៃវ៉ាន់ – សហរដ្ឋអាមេរិក នឹងបានបង្ហាញថាតៃវ៉ាន់និងសហរដ្ឋអាមេរិកនឹងអភិវឌ្ឍកិច្ចសហប្រតិបត្តិការកាន់តែជិតស្និទ្ធនិងទូលំទូលាយក្រោមភាពជាដៃគូយុទ្ធសាស្ត្រសេដ្ឋកិច្ចសកលរបស់ពួកគេ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២