ពិតជាអាណិតខ្លាំងណាស់ ស្ត្រីម្នាក់ដើររកផ្សិតបានជាន់មីនផ្ទុះដាច់ជើងខាងស្តាំ

ស្ដ្រីម្នាក់រងរបួសដាច់ជើងស្ដាំដោយសារផ្ទុះមីនប្រឆាំងមនុស្សប្រភេទ (GYATA-64) ពេលដើររុករកដកផ្សិត។ ករណីនេះបានកើតឡើងនៅថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ នៅភូមិសាស្រ្តខាងមុខតំបន់ប្រវត្តិសាស្រ្ត យោធាតាទុំ នៃភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ នេះបើតាមការបញ្ជាក់របស់អាជ្ញាធរមីន។ ស្ដ្រីរងគ្រោះមានឈ្មោះ អាន បៀត អាយុ៤៩ឆ្នាំ រស់នៅតំបន់កើតហេតុ។

អាជ្ញាធរមីនបានធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋ កុំចូលរុករាន ប្រកបរបរ ឬរកអនុផលផ្សេងៗក្នុងតំបន់ណាមិនស្គាល់ច្បាស់ ឬជាតំបន់សង្ស័យថា មានមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ព្រោះអាចប្រឈមគ្រោះថ្នាក់បណ្តាលឱ្យរបួស ពិការ ស្លាប់ ដោយសារគ្រាប់ទាំងនោះ។ ហើយនៅពេលប្រទះឃើញគ្រាប់មីន និងគ្រាប់មិនទាន់ផ្ទុះ សូមរាយការណ៍ជាបន្ទាន់ទៅអាជ្ញាធរមានសមត្ថកិច្ច ប៉ុស្តិ៍នគរបាល មេភូមិ មេឃុំ និងអ្នកជំនាញបោសសម្អាតមីន ដើម្បីយកគ្រាប់ទាំងនោះទៅកម្ទេចចោល៕

ដោយ៖ វិចិត្រ

 

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២