ភ្នំពេញ៖ ស្ត្រីម្នាក់ជាកម្មការនីរោងចក្របានស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពេលចេញពីធ្វើការ ដោយជិះម៉ូតូត្រឡប់ទៅផ្ទះវិញ ក៏ត្រូវបានរថយន្តកុងតឺន័រមួយគ្រឿងបើកមកបុកពីក្រោយពេញទំហឹងរួចកិនពីលើស្រ្តីរងគ្រោះជាប់ក្រោមរថយន្ត កាលពីវេលាម៉ោង ៨និង៣០នាទីយប់ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ នៅចំណុចស្តុបទួលពង្រ ស្ថិតនៅតាមបណ្តោយផ្លូវចោមចៅ កែងផ្លូវ ៣០ម៉ែត្រ ក្នុងសង្កាត់ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។


បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញនារីរងគ្រោះជិះម៉ូតូមួយគ្រឿងម៉ាក HONDA SCOOPY ពណ៌សពាក់ស្លាលេខ បាត់ដំបង 1AE-9653 ធ្វើដំណើរតាមបណ្ដោយផ្លូវចោមចៅ ទិសដៅពីលិចទៅកើត ខណៈពេលជិះមកដល់ត្រង់ចំណុចកើតហេតុនៅស្តុបទួលពង្រស្រាប់តែគេឃើញមានរថយន្ដកុងតឺន័រ ពាក់ស្លាលេខ ភ្នំពេញ 3A-6391 បើកបរដោយបុរសម្នាក់ធ្វើដំណើរមកពីក្រោយស្របទិសគ្នាពីលិចទៅកើតក៏ជ្រុលទៅបុកម៉ូតូពីក្រោយពេញទំហឹងបណ្តាលឲ្យដួល រួចកិនពីលើស្រ្តីរងគ្រោះបណ្តាលឲ្យស្លាប់ភ្លាមៗ ចំណែកតៃកុងរថយន្តត្រូវសមត្ថកិច្ចឃាត់ខ្លួនបាន។
ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយនគរបាលជំនាញ ចរាចរណ៍ចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាបណ្តោះអាសន្នរង់ចាំដោះស្រាយនៅពេលក្រោយ ។ ចំណែកសពត្រូវបានសមត្ថកិច្ចជំនាញធ្វើលិខិតប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ វិសាល

