ភ្នំពេញ៖ ក្មេងប្រុសម្នាក់អាយុ១០ឆ្នាំរៀននៅសាលាបឋមសិក្សា សម្ដេច ហ៊ុនសែន ព្រៃវែង បានស្លាប់ ចំណែកឯក្មេងប្រុសជាសិស្សម្នាក់ទៀតត្រូវជាបងរងរបួសស្រាលក្រោយពេលពួកគេជិះម៉ូតូឌុបគ្នាទៅរៀនក៏ទាក់ដៃចង្កូតនិងម៉ូតូដឹកបន្លែបណ្តាលឲ្យដួលខ្ទាតក្មេងរងគ្រោះចូលផ្លូវម្ខាងទៀតស្របពេលរថយន្តមកលឿនកិនពីលើចំក្បាលតែម្តង។



ហរតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះដែរបានកើតឡើងកាលពីវេលាម៉ោង៦ និង៣០នាទីព្រឹកថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្តោយផ្លូវបេតុងព្រៃស ក្នុងសង្កាត់ព្រៃវែង ខណ្ឌដង្កោរ រាជធានីភ្នំពេញ។
សពក្មេងរងគ្រោះមានឈ្មោះ សុភ័ក្រ សុខវិដាល ភេទប្រុសអាយុ១០ឆ្នាំ រៀនថ្នាក់ទី២ នៅសាលាបឋមសិក្សា សម្ដេច ហ៊ុនសែន ព្រៃវែង បច្ចុប្បន្នស្នាក់នៅសង្កាត់ ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញសិស្សសាលារងគ្រោះ២នាក់បងប្អូនជិះម៉ូតូមួយគ្រឿងម៉ាក HONG DA គុប ពណ៌ខៀវពាក់ផ្លាកលេខ ភ្នំពេញ 1J-5459 ជិះឌុបគ្នាតាមបណ្តោយផ្លូវបេតុងព្រៃស ទិសដៅពីកើតទៅលិច គោលបំណងទៅសាលារៀន ខណះពេលជិះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែទាក់ដៃចង្កូតគ្នានិងម៉ូតូមួយគ្រឿងទៀតមិនស្គាល់ម៉ាកធ្វើដំណើរស្របទិសគ្នាបណ្តាលអោយដួល ខ្ទាតជនរងគ្រោះទៅផ្លូវម្ខាងទៀតស្របពេលមានរថយន្តមួយគ្រឿងម៉ាក់ toyota prius ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2BR-2434 បើកបរដោយបុរសម្នាក់ធ្វើដំណើរទិសដៅបញ្ច្រាស់គ្នាពីលិចទៅកើតក្នុងល្បឿនលឿនជាន់ហ្វ្រាំងមិនទាន់ក៏កិនចំក្បាលជនរងគ្រោះបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗចំណែកឯជនរងគ្រោះម្នាក់ទៀតរងរបួសស្រាល។
បន្ទាប់ពីកើតហេតុសមត្ថកិច្ចមូលដ្ឋានចុះមកដល់រួចឃាត់អ្នកបើកបរថយន្តយកទៅប៉ុស្តិ៍នគរបាលសង្កាត់ព្រៃវែងសួរនាំបន្ត រួចទាក់ទងទៅសមត្ថកិច្ចជំនាញចរាចរណ៍ក្រុងចុះមកវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជំនាញផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញជាបណ្ដោះអាសន្នរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ ។
ចំណែកសពក្មេងប្រុសរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុប្រគល់ឲ្យទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

ដោយ៖ វិសាល

