ម៉ាស់ជាង២លាន និងម៉ាស់ក្រណាត់១០ម៉ឺនម៉ាស់ បន្ថែម រួមទាំងបរិក្ខារពេទ្យមួយចំនួន របស់សម្តេចតេជោ ហ៊ុន សែន ដឹកជូនរដ្ឋាភិបាល និងប្រជាជនឡាវ តាមយន្តហោះ នៅថ្ងៃនេះ

ភ្នំពេញ ៖ អំណោយម៉ាស់ជាង២លាន និងម៉ាស់ក្រណាត់ចំនួន១០ម៉ឺនម៉ាស់ បន្ថែមទៀត ដោយរួមទាំងបរិក្ខារពេទ្យមួយចំនួនរបស់សម្តេចតេជោ ហ៊ុន សែន ត្រូវបានប្រគល់ជូនរដ្ឋាភិបាល និងប្រជាជនឡាវ នៅថ្ងៃទី១៦ ខែវិច្ឆិកានេះ ដើម្បីចូលរួមទប់ស្កាត់ ការរីករាលដាល នៃជំងឺកូវីដ១៩។

នៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា អំណោយម៉ាស់ជាង២លាន ម៉ាស់ក្រណាត់ចំនួន១០ម៉ឺនម៉ាស់បន្ថែមទៀត ដោយសារម៉ាស់ក្រណាត់នេះ ជាម៉ាស់ដែលមាន គុណភាពល្អ អាចបោកប្រើប្រាស់បានរយៈពេលយូរ និងបរិក្ខារពេទ្យមួយចំនួនរបស់សម្តេចតេជោ នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានលើកដាក់លើយន្តហោះរួចរាល់ហើយ និងត្រូវដឹកជញ្ជូនទៅកាន់ប្រទេសឡាវនៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកានេះ។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ជាតំណាង ដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងដឹកនាំគណៈប្រតិភូ នាំយកអំណោយ ម៉ាស់ចំនួន២លាន និងម៉ាស់ក្រណាត់ចំនួន១០ម៉ឺនម៉ាស់ រួមទាំងបរិក្ខារពេទ្យទាំងនេះ ទៅប្រគល់ជូនរដ្ឋាភិបាល និងប្រជាជនឡាវដោយ ឯកឧត្តម ថងលុន ស៊ីសុលីត នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នឹងអញ្ជើញមកទទួលដោយផ្ទាល់។

ការប្រកាសផ្តល់ជំនួយម៉ាស់ចំនួន២លាន និងបរិក្ខារពេទ្យមួយចំនួនរបស់សម្តេចតេជោនៅពេលនេះ ធ្វើឡើងខណៈកាលពីថ្ងៃទី១៤ ខែវិច្ឆិកា ឯកឧត្តម ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តីប្រទេសឡាវ បានទូរស័ព្ទដោយផ្ទាល់សាកសួរសុខទុក្ខអំពីស្ថានភាពសុខភាពរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ដែលកំពុងធ្វើចត្តាឡីស័កនៅគេហដ្ឋាន។ បន្ទាប់មកសម្តេចតេជោ ហ៊ុន សែន បានផ្ញើលិខិតផ្លូវការពិសេសមួយ ជូនឯកឧត្តម ថងលុន ស៊ីសុលីត នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ដោយថ្លែងអំណរគុណចំពោះការហៅទូរស័ព្ទសួរសុខទុក្ខរបស់ឯកឧត្តម និងបញ្ជាក់អំពីការជួយឧបត្ថម្ភរបស់កម្ពុជាជូនមិត្តឡាវ នូវម៉ាស់ចំនួន២លាន និងបរិក្ខារពេទ្យមួយចំនួន ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ១៩។

សូមបញ្ជាក់ថា សម្ភារនិងបរិក្ខារពេទ្យដែលត្រូវឧបត្ថម្ភជូនមិត្តឡាវ រួមមាន ម៉ាស់ចំនួន២លាន ម៉ាស់ក្រណាត់ចំនួន១០ម៉ឺន ម៉ាស់N95ចំនួន2ម៉ឺន វ៉ែនតាសុវត្ថិភាពចំនួន២ម៉ឺនសម្លៀកបំពាក់សុវត្ថិភាព សម្រាប់មន្រ្តី សុខាភិបាល ចំនួន២ម៉ឺនឈុត ទែម៉ូម៉ែត្រអ៊ិនហ្រ្វា(ម៉ាស៊ីនវាស់កម្តៅ)ចំនួន ៥រយគ្រឿង របាំងមុខចំនួន២ម៉ឺន ឧបករណ៍សម្រាប់ជំនួយការដកដង្ហើមសម្រាប់ប្រពោធកម្ម(ICU)ចំនួន20 គ្រឿងទូរទស្សន៍តាមដាន សុខភាព អ្នកជំងឺ សម្ភារៈបន្ទាប់បន្សំម៉ូឌែល Vista120 ចំនួន២០ ម្សៅថ្នាំក្លរ៉ាមីនប្រភេទប៊ី (២៥គីឡូក្រាមមួយកេស ) ៥០០ធុង ស្បែកជើងកវែងសុវត្ថិភាព ១ពាន់គូ និងសាប៊ូលាងដៃ ២ពាន់ដុំ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២