ម៉ាសចំនួន២លាន១សែន និងបរិក្ខារពេទ្យសរុបចំនួន១២មុខរបស់កម្ពុជា ត្រូវបានប្រគល់ជូននាយករដ្ឋមន្រ្តីឡាវហើយ

ភ្នំពេញ ៖ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០នេះ សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងការពារជាតិ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងមានការអមដំណើរដោយលោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការ ក្រសួងសុខាភិបាល ព្រមទាំងមានមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត បាននាំនូវអំណោយ របស់រាជរដ្ឋាភិបាលដែលមាន ម៉ាសចំនួន២លាន១សែន និងបរិក្ខារពេទ្យសរុបចំនួន១២មុខ ត្រូវបានប្រគល់ជូន ឯកឧត្តម ថនលូន ស៊ីសូលីត នាយករដ្ឋមន្ត្រីសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវរួចហើយ ដើម្បីចូលរួមជួយដល់ប្រទេសឡាវ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សម្តេចពិជ័យសេនា បានបញ្ជាក់ថា កម្ពុជា និងឡាវមានចំណងមិត្តភាព ជាបងប្អូនដ៏យូរអង្វែង ដែលថ្នាក់ដឹកនាំគ្រប់កម្រិតនៃប្រទេសទាំងពីរកំពុងបន្តពូនជ្រុំ និងពង្រឹងឱ្យកាន់តែរឹងមាំថែមទៀតជារៀងរាល់ថ្ងៃ។ បច្ចុប្បន្ន កម្ពុជា និងឡាវ ក៏មានកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធ ទាំងក្នុងក្របខ័ណ្ឌទ្វេភាគី និងពហុភាគី ដើម្បីនាំមកនូវ សន្តិភាព ស្ថិរភាព សន្តិសុខ ការអភិវឌ្ឍប្រកបដោយចីរភាព និងផលប្រយោជន៍ទៅ វិញទៅមកនៃប្រជាជាតិយើងទាំងពីរ។

ការចូលរួមវិភាគទានថ្ងៃនេះ ដើម្បីជួយទប់ស្កាត់ការផ្ទុះឡើងនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសឡាវ គឺជាកាយវិការបង្ហាញនូវមនោសញ្ចេតនាជាបងប្អូន និងសាមគ្គីភាព របស់ប្រជាជនកម្ពុជាជាមួយប្រជាជនឡាវ នៅក្នុងកាលៈទេសៈដែលពិភពលោក ទាំងមូលកំពុងជួបនឹងបញ្ហាប្រឈមដែលមិនធ្លាប់មានពីមុនមក លើសុវត្ថិភាពនៃសុខភាព និងសន្តិសុខមនុស្សជាតិ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២