ភ្នំពេញ៖ យុវជនពីនាក់បានរងរបួសធ្ងន់ខណៈជួបគ្រោះថ្នាក់ចរាចរណ៍ដោយសារពួកគេបានជិះម៉ូតូក្នុងល្បឿនលឿនហើយខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកនឹងរថយន្ត prius ពេញទំហឹងបណ្តាលឲ្យរងរបួសធ្ងន់បាក់ជើងម្ខាងទាំងពីនាក់តែម្តង។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០យប់ថ្ងៃទី ២០ ខែកញ្ញាឆ្នាំ២០២៦ នៅតាមបណ្ដោយផ្លូវ៥៦៦ កែងនឹងផ្លូវ៣១៧ ដែលស្ថិតនៅក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។


ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញយុវជនពីរនាក់ជិះម៉ូតូ១គ្រឿងម៉ាកហុងដាឌ្រីមពាក់ស្លាកលេខភ្នំពេញ1LH-3720 បើកបរតាមបណ្តោយផ្លូវខាងលើក្នុងល្បឿងលឿនខ្វះការប្រុងប្រយ័ត្នក៏ជ្រុលទៅបុកជាមួយនឹងរថយន្ត prius ពាក់ស្លាកលេខភ្នំពេញBK-9432នៅត្រង់ចំណុចផ្លូវបំបែកជាបួនពេញទំហឹងបណ្ដាលឲ្យយុវជនខាងលើរងរបួសធ្ងន់បាក់ជើងម្ខាងទាំងពីនាក់តែម្តង ដោយឡែកម៉ូតូនិងរថយន្តរងការខូចខាតយ៉ាងដំណំ។
ក្រោយពេលកើតហេតុ យុវជនទាំងពីរនាក់ដែលរងរបួសបាក់ជើងខាងឆ្វេងទាំងពីរនាក់ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ចំណែករថយន្ត និងម៉ូតូសមត្ថកិច្ចជំនាញធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ៕

ដោយ៖ វិសាល

