សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត៖ រាជរដ្ឋាភិបាលបានចាត់ទុកវិស័យអប់រំ និងការអភិវឌ្ឍន៍ធនធានមនុស្សជាអាទិភាពសំខាន់

ភ្នំពេញ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ចាក់ថា ក្នុងរយៈពេលកន្លងមក រាជរដ្ឋាភិបាលបានចាត់ទុកវិស័យអប់រំ និងការអភិវឌ្ឍន៍ធនធានមនុស្សជាអាទិភាពសំខាន់ ដោយបានធ្វើកំណែទម្រង់ជាបន្តបន្ទាប់ សំដៅលើកកម្ពស់គុណភាពអប់រំ និងការបណ្តុះបណ្តាលជំនាញឱ្យស្របតាមតម្រូវការរបស់ទីផ្សារការងារ និងឧស្សាហកម្ម។ ការបញ្ជាក់របស់សម្តេចធិបតី ក្នុងឱកាសអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ចូលរួមប្រគល់សញ្ញាបត្រជូនដល់និស្សិតជ័យលាភី ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ចំនួន ២ ០០១អង្គ/នាក់ នៃសាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច (UME) ខេត្តបាត់ដំបង នៅព្រឹកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៦នេះ។


សម្តេចធិបតីបានបញ្ជាក់ទៀតថា ការអភិវឌ្ឍន៍វិស័យអប់រំបាននិងកំពុងចូលរួមយ៉ាងសំខាន់ក្នុងការកសាងសង្គមពុទ្ធិ ការលើកកម្ពស់ផលិតភាព និងសមត្ថភាពប្រកួតប្រជែងរបស់ធនធានមនុស្ស ព្រមទាំងរួមចំណែកដល់ការសម្រេចចក្ខុវិស័យអភិវឌ្ឍន៍របស់កម្ពុជា។

សម្តេចធិបតីបានមានប្រសាសន៍បន្តទៀតថា សាកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ច ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៨ និងទទួលស្គាល់ជាផ្លូវការនៅឆ្នាំ២០០៦។ សាកលវិទ្យាល័យបានពង្រីកការបណ្តុះបណ្តាលចាប់ពីថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ រហូតដល់ថ្នាក់បណ្ឌិត ដោយបានចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ធនធានមនុស្ស និងផ្គត់ផ្គង់កម្លាំងពលកម្មដែលមានចំណេះដឹង និងជំនាញស្របតាមតម្រូវការទីផ្សារការងារ។ ជាមួយគ្នានេះការអប់រំក៏បានផ្តល់មូលដ្ឋានចំណេះដឹង និងជំនាញដល់និស្សិតអាចយកទៅប្រកបអាជីវកម្ម និងការបង្កើតមុខរបរផ្ទាល់ខ្លួន៕

 

ដោយ៖ ឧត្តម

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២