ភ្នំពេញ៖ កម្លាំងសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ បានចុះឃាត់ខ្លួនបុរសម្នាក់ ជាជនបង្កករណីផ្ទុះអាវុធត្រូវកូនប្រុសបង្កើតរបស់ខ្លួនឯង បណ្តាលឲ្យរងរបួស ហើយត្រូវបានបញ្ជូនទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យភ្លាម។


បើតាមប្រភពពីសមត្ថកិច្ចបានឱ្យដឹងថា ជនបង្កជាឪពុកមានឈ្មោះ ម៉ក់ សុភ័ក្ដ្រា មានតួនាទីជាអគ្គនាយករង នៃ ក្រសួងរ៉ែ និង ថាមពល ត្រូវបានសមត្ថកិច្ចនគរបាលខណ្ឌព្រែកព្នៅឃាត់ខ្លួនភ្លាមៗ បន្ទាប់ពីលោកផ្ទុះអាវុធបណ្ដាលឱ្យកូនប្រុសខ្លួនឯងរងរបួស។
ប្រភពដដែលបានឱ្យដឹងទៀតថា លោក ម៉ក់ សុភ័ក្ដ្រា (ជនបង្ក)បានបើករថយន្តដេញរថយន្ដប្រពន្ធរបស់លោក ដែលលោកសង្ស័យថា ប្រពន្ធខ្លួនកំពុងដឹកប្រុសសាហាវយក្បត់ចិត្តគាត់ ។ ដោយខឹងខ្លាំងពេក លោកក៏ដកកាំភ្លើងបាញ់គំរាមស្ទាក់ឃាត់រថយន្ដប្រពន្ធ ក៏ភ្លាត់គ្រាប់ត្រូវកូនប្រុសបង្កើតខ្លួនឯង បណ្ដាលឱ្យរងរបួសចំក្បាលពោះតែម្តង ។ ប៉ុន្តែពេលសមត្ថកិច្ចចុះទៅដល់ទីកន្លែងកើតហេតុមិនបានឃើញប្រពន្ធ និងប្រុសសាហាវនោះទេ ។


ហេតុការណ៍ផ្ទុះអាវុធដ៏រន្ធត់នេះបានកើតឡើងកាលពីវេលាម៉ោង ២០ និង២០នាទី យប់ ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២៦ នេះ នៅចំណុចវាលស្រែមួយកន្លែង ស្ថិតក្នុងភូមិជ្រេស សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
បច្ចុប្បន្ន ជនបង្ក រួមទាំងវត្ថុតាងពាក់ព័ន្ធត្រូវបានកម្លាំងសមត្ថកិច្ចកសាងសំណុំរឿង និងនាំខ្លួនយកទៅកាន់អធិការដ្ឋាននគរបាលខណ្ឌព្រែកព្នៅ ដើម្បីធ្វើការសាកសួរ និងចាត់ការតាមនីតិវិធីច្បាប់បន្តទៀត៕

ដោយ៖ វិចិត្រ

