ឈ្លោះគ្នាជាមួយប្រពន្ធ បុរសជនជាតិចិន យកកន្រ្តៃ ចាក់សម្លាប់កូនស្រី អាយុទើប១ខួប ស្លាប់ ក្រោយបញ្ជូនដល់មន្ទីរពេទ្យ

កណ្តាល ៖ ឈ្លោះគ្នាជាមួយប្រពន្ធ បែរជាបុរសជនជាតិចិន ដែលជាឪពុក បានយកកន្រ្តៃចាក់សម្លាប់កូនបង្កើតខ្លួន អាយុទើប១ខួប ស្លាប់យ៉ាងអាណោចអាធ័ម ក្រោយពីបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យ។ ហេតុការណ៍នេះកើតឡើងនៅម៉ោងជា៧យប់ ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុច ក្នុងបន្ទប់លេខ១០១ផ្ទះសំណាក់ មង្គលភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល។

កុមារីរងគ្រោះឈ្មោះ ទ័រ ទ័រ ភេទស្រី អាយុជាង០១ឆ្នាំ បានស្លាប់ ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យ។

ជនសង្ស័យត្រូវជាឪពុករបស់កុមារីបង្កើតឈ្មោះ ភីន ភីន ភេទ ប្រុស អាយុ ៣០ឆ្នាំ ជនជាតិចិន ស្នាក់នៅក្នុងភូមិសង្កាត់កើតហេតុ ត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លួន។ រួមជាមួយវត្ថុតាងចាប់យកបានមានកន្រ្តៃដែក ដងជ័រពណ៌ ផ្ទៃមេឃ ប្រវែង ១៩សង់ទីម៉ែត្រ ចំនួន០១។

តាមប្រភពព័ត៌មានពីសមត្ថកិច្ចបានឲ្យដឹងថា មុនពេលកើតហេតុ ម្តាយកុមារីរងគ្រោះឈ្មោះ ធុង ចាន់រះ អាយុ៣០ឆ្នាំ បានរត់ចោលប្តី ជាជនជាតិចិន និងកូនស្រីតូច របស់ខ្លួន នៅភូមិសង្កែរោង ឃុំរហាស់ ស្រុករវៀង ខេត្តព្រះវិហា មកជួលបន្ទប់លេខ១០១ផ្ទះសំណាក់មង្គល ស្ថិតនៅក្នុងភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល អស់រយៈពេល ជាង១ខែមកហើយ លុះបានប្រហែល១០ថ្ងៃមុន ឃើញជនសង្ស័យបានបីកូនស្រីតូចរបស់ខ្លួន តាមរកឃើញម្តាយនៅផ្ទះសំណាក់ខាងលើ ហើយបានរស់នៅជាមួយគ្នារហូតមកដល់ថ្ងៃកើតហេតុលុះមកដល់ម៉ោង២រសៀល ថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២០ ស្រាប់តែឃើញជនសង្ស័យបានឈ្លោះប្រកែកជាមួយម្តាយជនរងគ្រោះយ៉ាងខ្លាំង ហើយម្តាយជនរងគ្រោះក៏បានចេញពីបន្ទប់ផ្ទះសំណាក់បាត់ទៅ។

ប្រភពដដែលបានបន្តថាលុះមកដល់វេលាកើតហេតុខាងលើ ស្រាប់តែជនសង្ស័យ បានយកកន្រ្តៃចាក់កូនខ្លួនឯងជាច្រើនកន្រ្តៃបណ្តាល ឲ្យដេកស្លាប់លើពូក ហើយចាក់ខ្លួនឯងបណ្តាលមានរបួសស្នាម បន្ទាប់មកពូរបស់កុមារីរងគ្រោះបានឃើញក្មួយ រងគ្រោះមានឈាមច្រើននៅក្នុងបន្ទប់ទឹក បន្ទាប់មកបានដឹកកុមារីរងគ្រោះមកសង្គ្រោះនៅមន្ទីរពេទ្យជ័យជំនៈ ប៉ុន្តែកុមារីរងគ្រោះ បានស្លាប់រួចទៅហើយ។

សមត្ថកិច្ចបានបញ្ជាក់ទៀតថា បន្ទាប់មកសន្តិសុខពេទ្យបានផ្ដល់ព័ត៌មានជូនមកសមត្ថកិច្ចប៉ុស្តិ៍រដ្ឋបាលព្រែកឬស្សី សមត្ថកិច្ចបានចុះភ្លាមដល់គោលដៅកើតហេតុ ភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល បានឃើញ ឪពុក កុមារីរងគ្រោះនៅក្នុងបន្ទប់ជួលលេខ១០១ កំពុងអង្គុយ ហើយត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ចំណែកកូនស្រីអាយុ១ខួបនោះ ត្រូវបានដឹកយកមកសង្គ្រោះ ប៉ុន្តែជាអកុសល បានស្លាប់ ក្រោយពីបញ្ជូនដល់មន្ទីរពេទ្យ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២