ខេត្តព្រះសីហនុ ៖ បុរសជាអ្នកបើកបរម៉ូតូ ម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ក្នុងគ្រោះថ្នាក់ចរាចរណ៍មួយ រវាងរថយន្តសង្គ្រោះ( ឡានពេទ្យ) ជាមួយនឹងម៉ូតូ សណ្តោងរ៉ឺម៉ក ទិសដៅស្របគ្នា ព្រះសីហនុ-ភ្នំពេញ កាលពីម៉ោង៦និង២០នាទីព្រឹក ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ចន្លោះគីឡូម៉ែត្រ១២០.១២១ ស្ថិតក្នុងភូមិក្រាំងអាត់ ឃុំកំពង់សីលា ស្រុកកំពង់សីលា ខេត្តព្រះសីហនុ។
បើតាមរបាយការណ៍របស់នគរបាលស្រុកកំពង់សិលា បានឲ្យដឹងថា រថយន្តសង្គ្រោះ(ឡានពេទ្យ) ពណ៌ស ផ្លាកលេខ រដ្ឋ ១២-២ ០៩១១ អ្នកបើកបរបានរត់គេចបាត់។ ចំណែកភាគីខាងម៉ូតូ ម៉ាក វេវ ពណ៌ខ្មៅ គ្មានផ្លាកលេខ សណ្តោងរ៉ឺម៉ក បើកដោយឈ្មោះ រាម ទូច អាយុ៣៥ឆ្នាំ មានទីលំនៅភូមិ ស្នាយពល ឃុំរការ ស្រុកពារាំង ខេត្តព្រៃវែង រងរបួសធ្ងន់ បញ្ជូនមកមណ្ឌល សុខភាពតក្កវិទដើម្បីសង្គ្រោះក៏ដាច់ខ្យល់ស្លាប់តែម្តង។
រថយន្ត និងម៉ូតូ ត្រូវបានយកមករក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកំពង់សិលា៕


