សៀមរាប ៖ ជម្លោះក្នុងគ្រួសារ បុរសជាប្តី បានទាញដុំថ្ម ទៅវាយក្បាលប្រពន្ធ បណ្តាលឱ្យស្លាប់ ភ្លាមៗនៅក្នុងថ្លុកឈាម។ ករណីនេះកើតឡើង កាលពីយប់ ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ ក្នុងផ្ទះកម្មករស្នាក់នៅ ស្ថិតនៅក្រុម២៧ ភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចខេត្តសៀមរាប បានឱ្យដឹងថា ករណីឃាតកម្មនេះ បង្កឡើងដោយបុរសជាប្ដី មាន ឈ្មោះ ផេន ធាន ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរកម្មករសំណង់ ទីកន្លែងកំណើត នៅខេត្តកំពង់ចាម បានធ្វើសកម្មភាពយកដុំថ្មវាយទៅលើជនរងគ្រោះជាប្រពន្ធ ឈ្មោះ ស៊ឹម សម្ព័ស កម្មករសំណង់ដូចគ្នា អាយុ១៩ឆ្នាំ បណ្តាលឱ្យស្លាប់។ ជនរងគ្រោះមានស្រុកកំណើតនៅ ភូមិថ្មសិន សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ករណីនេះដោយសារមានទំនាស់គ្នា ហើយបើតាមការពិនិត្យរបស់សមត្ថកិច្ចជំនាញឃើញថា សពពិតជាស្លាប់ដោយ ករណីឃាតកម្មពិតមែន។
បច្ចុប្បន្ន ជនដៃដល់បានរត់គេចខ្លួនបាត់ ហើយ សមត្ថកិច្ចជំនាញ កំពុងស្រាវជ្រាវតាមចាប់ជនល្មើសយកមកផ្តន្ទាទោសតាមច្បាប់។ ចំណែកសាកសព សមត្ថកិច្ចបានប្រគល់ទៅឱ្យក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕


