ខេត្តបន្ទាយមានជ័យ ៖ គឺជារឿងដ៏គួរអោយសោកសៅបំផុត កុមារ២នាក់ បងប្អូនជីដូន អាយុទើបតែ ៥ – ៦ ឆ្នាំ បានលង់ទឹកស្លាប់ យ៉ាងអាណោចអាធ័ម។ ហេតុការណ៍ប្រទះឃើញ សពកុមារទាំង២នាក់នេះ កើតឡើងកាលពីវេលាថ្ងៃត្រង់ ថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចក្លងជិកអូរធំ ស្ថិតក្នុងភូមិរស្មីសាមគ្គី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
សមត្ថកិច្ចបានឲ្យដឹងថា សពក្មេងរងគ្រោះទាំង២នាក់ ម្នាក់ឈ្មោះ ម៉ៅ ដាវ ភេទប្រុស អាយុ៥ឆ្នាំ និងម្នាក់ទៀតឈ្មោះ វ៉ង់ វិដា ភេទស្រី អាយុ៦ឆ្នាំ ។ ក្មេងទាំង២នាក់ ជាបងប្អូនជីដូនមួយនិងគ្នា រស់នៅភូមិរស្មីសាមគ្គី សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
តាមការរៀបរាប់របស់ម្តាយក្មេងរងគ្រោះ ឈ្មោះជុំ ស្រីថា អាយុ៣៦ឆ្នាំ ឱ្យដឹងថា នៅមុនពេលកើតហេតុ កូនរបស់គាត់ ឈ្មោះ វ៉ង់ វិដា បានមកឱបថើប ហើយសុំចុះងូតទឹក២នាក់់ បងប្អូន។ ដោយក្តីអាណិតកូន ដែលពីមុនៗមកមិនមានសកម្មភាពឱបថើបម្តាយ ហើយដោយសារកូនលួងលោមពេក គាត់ក៏យល់ព្រមឲ្យងូតចុះងូតទឹកមួយសន្ទុះក្រោយមក ឃើញក្មេងរងគ្រោះទាំង២នាក់ បានឡើងមកវិញ រួចចូលងូតទឹកអាងនៅក្នុងផ្ទះ។ ដោយឃើញថា ក្មេងទាំង២នាក់ បងប្អូនលឺមាត់នៅអាងទឹកក្នុងផ្ទះគាត់មិនបានចាប់អារម្មណ៍ ក៏បន្តកាប់ឆ្ការស្មៅដុះនៅក្បែរផ្ទះ លុះមួយស្របក់ក្រោយមកស្រាប់តែបាត់មាត់ ក៏ដើរទៅរកនៅអាងទឹកតែមិនឃើញ ហើយបានឲ្យជីដូនដើរទៅរកមើលនៅកន្លែងលក់នំ ក៏មិនឃើញទៀត ពេលនោះឃើញខោអាវនៅមាត់អូរ គាត់បានចុះរាវមើល ស្រាប់តែប្រទះឃើញកូនស្រីរបស់គាត់ បន្ទាប់មករាវរកឃើញក្មួយប្រុសម្នាក់ទៀត។
សមត្ថកិច្ចបន្តថា ក្រោយពីរាវរកឃើញក្មេងទាំង២នាក់ហើយ ឪពុក-ម្ដាយ បាននាំកូនទៅមណ្ឌលសុខភាពសង្កាត់ តែគ្រូពេទ្យបាននិយាយថា ក្មេងទាំង២នាក់ បានស្លាប់ហើយ៕

