ខេត្តស្ទឹងត្រែង ៖ កុមារា ដែលពិការ បន្ទាប់ពីបាន វារ ធ្លាក់ចូលក្នុងឆ្នាំងបបរ តាំងពីអាយុ ៥ទៅ៦ខែ រហូតដល់អាយុ២ខួប ឥឡូវនេះ មានសង្ឃឹមហើយ ដោយសារក្រុមគ្រូពេទ្យ មកពីភ្នំពេញ គ្រោងនឹងយកក្មេង ដ៏អភ័ព្វនេះ ធ្វើការវះកាត់ តាមស្ថានភាពជាក់ស្ដែង។ កុមារពិការ រូបនេះ គឺស្ថិតក្នុងគ្រួសារក្រីក្រ តំបន់ដាច់ស្រយាលមួយ ក្នុងភូមិកោះហិប ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយសែនជ័យ ខេត្តស្ទឹងត្រែង។
ឪពុកក្មេង ឈ្មោះ លិប វាសនា និង ម្ដាយឈ្មោះ សារឿន តូច មានកូនចំនួន ២នាក់ គឺស្រីម្នាក់ ប្រុសម្នាក់។ កូនស្រី គឺជាកូនច្បង រីឯក្មេងដែលរលាកទឹកបបរពិការ គឺជាកូនប្រុសពៅ។
លោក លី មីនា អភិបាលស្រុកបុរីអូរស្វាយសែនជ័យ បានប្រាប់ឲ្យដឹង នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ថា ក្មេងប្រុសម្នាក់ ដែលពិការ ដោយជួបឧបទ្ទវហេតុ តាំងពីនៅតូចនោះ លោកក៏បានស្នើសុំទៅថ្នាក់ខេត្ត ខាងក្រុមគ្រូពេទ្យ នៅភ្នំពេញ ដើម្បីជួយវះកាត់ដល់ក្មេងប្រុស នោះ។ ក្រុមគ្រូពេទ្យ គ្រោងនឹងចុះមកទទួល យកក្មេង ទៅវះកាត់ ក្នុងកំឡុងខែធ្នូនេះ ប៉ុន្តែដោយសារស្ថានភាពកូវីដ ១៩ ទើបមានការលើកពេល។ ក៏ប៉ុន្តែក្រុមគ្រូពេទ្យមកពី ភ្នំពេញ គ្រោងនឹងយកក្មេង ដ៏អភ័ព្វនេះ ជួយវះកាត់ តាមស្ថានភាពជាក់ស្ដែង។
សូមរំលឹកថា គ្រួសាររបស់ក្មេង ដ៏អភ័ព្វនេះ មានជីវភាពខ្វះខាតខ្លាំងរស់នៅលើដីកោះ ដាច់ស្រយាល ស្ថិតក្នុងភូមិកោះហិប ឃុំអូរស្វាយ ស្រុកបុរីអូរស្វាយ សែនជ័យ ខេត្តស្ទឹងត្រែង ក្មេងប្រុសម្នាក់នេះ បានពិការតាំងពីនៅតូចដោយសារតែវារធ្លាក់ចូល ឆ្នាំងបបរក្តៅ៕


