ភ្នំពេញ ៖ ក្រសួងសុខាភិបាលប្រកាសផាកពិន័យជាប្រាក់ ៥.០០០.០០០រៀល (ប្រាំលានរៀល) ឬ ដកអាជ្ញាបណ្ណ ព្រមទាំងបិទកន្លែងព្យាបាលមិនឱ្យបន្តសកម្មភាពតទៅទៀត ដល់កន្លែងព្យាបាលឯកជនណា មិនព្រមចេញវេជ្ជបញ្ជាតាមកុំព្យូទ័រ ដោយនៅតែបន្តចេញវេជ្ជបញ្ជាសរសេរដោយដៃ ខ្ជីខ្ជា អានមិនដាច់ និងមិនត្រឹមត្រូវតាមក្បួនខ្នាតវេជ្ជសាស្ត្រ។
នេះបើយោងតាម លិខិត របស់លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល បានក្រើនរំឭកម្ចាស់សេវាសុខាភិបាលឯកជនទាំងអស់ឲ្យចេញវេជ្ជបញ្ជា និងលទ្ធផលពីមន្ទីរបទពិសោធន៍ ឬសេវេអមវេជ្ជសាស្ត្រតាមកុំព្យូទ័រ។ ដោយរយៈកាលកន្លងមក ក្រសួងសុខាភិបាលបានសង្កេតឃើញ កន្លែងព្យាបាលជំងឺឯកជនមួយចំនួន បានអនុវត្តត្រឹមត្រូវ ទៅតាមសារាចរណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីការចេញវេជ្ជបញ្ជាតាមកុំព្យូទ័រ។ ទន្ទឹមនឹងនោះដែរ ក៏មានកន្លែងព្យាបាលជំងឺឯកជនមួយចំនួនទៀតនៅតែមិនព្រមអនុវត្ត ទៅតាមការណែនាំរបស់ក្រសួងរបស់ក្រសួងសុខាភិបាល ក្នុងការចេញវេជ្ជបញ្ជាដោយកុំព្យូទ័រ ដោយនៅតែបន្តការចេញ វេជ្ជបញ្ជាសរសេរដោយដៃ ខ្ជីខ្ជា អានមិនដាច់ និងមិនត្រឹមត្រូវតាមក្បួនខ្នាតវេជ្ជសាស្រ្ត។
នៅក្នុងលិខិតដដែលនោះបន្តថា អ្នកនាំពាក្យក្រសួងសុខាភិបាល បានតម្រូវដល់ម្ចាស់សេវាសុខាភិបាលឯកជនទាំងអស់ចេញវេជ្ជបញ្ជាតាមកុំព្យូទ័រទាំងអស់គ្នា ក្នុងករណីមិនគោរពតាម ក្រសួងនឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ គឺការផាកពិន័យជាប្រាក់៥លានរៀល តាមការប្រកាសអន្តរក្រសួងរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយក្រសួងសុខាភិបាល ឬឈានទៅដកអាជ្ញាបណ្ណ ព្រមទាំងបិទកន្លែងព្យាបាលតែម្តង៕

