គិតមកដល់ពេលនេះ ពលរដ្ឋក្រីក្រប្រមាណជិត ៧១ម៉ឺនគ្រួសារ ទទួលបានប្រាក់ឧបត្ថម្ភ ពី រាជរដ្ឋាភិបាល

ភ្នំពេញ ៖ គិតមកដល់ពេលនេះ រកឃើញប្រជាពលរដ្ឋក្រីក្រប្រមាណជិត ៧១ម៉ឺនគ្រួសារ និងបានរកឃើញភាពមិនប្រក្រតី និងគ្រួសារដែលមានជីវភាពប្រសើរឡើង ដោយបានដកបណ្ណសមធម៌ត្រឡប់មកវិញបានចំនួនជាង ១៤៤០០ករណី។ នេះបើតាមការអោយដឹងពី លោក ស្រី ដា អ្នកនាំពាក្យក្រសួងផែនការ។

លោកបានបន្តថា “យើងមិនបណ្តោយអោយគ្រួសារទាំងនោះ នៅឯកោអត់អាហារ មិនទទួលបានការឧបត្ថម្ភនោះទេ យើងនឹងដោះស្រាយជូនគាត់ភ្លាមៗ ដោយផ្តល់នូវការសម្ភាសន៍ ដើម្បីកំណត់នូវកម្រិតភាពក្រីក្ររបស់គាត់ ដើម្បីទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាល”។

លោកបន្ថែមថា ការកំណត់អត្តសញ្ញាណគ្រួសារក្រីក្រ គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាដើម្បីចូលរួមការកាត់បន្ថយភាពក្រីក្រ និងគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច–សង្គមកិច្ចនៅកម្ពុជា។ លទ្ធផលនៃការអនុវត្តនីតិវិធីអត្តសញ្ញាណកម្មគ្រួសារក្រីក្រអាចផ្តល់ទិន្នន័យគ្រួសារក្រីក្រ និងកម្រិតភាពក្រីក្ររបស់គ្រួសារទាំងនោះ។ ទិន្នន័យគ្រួសារក្រីក្រត្រូវបានក្រសួងស្ថាប័នពាក់ព័ន្ធដៃគូអភិវឌ្ឍន៍ និងអង្គការមិនមែនរដ្ឋាភិបាលនានាយកទៅប្រើប្រាស់យ៉ាងទូលំទូលាយដើម្បីផ្តល់សេវានិងផ្តល់ជំនួយដល់គ្រួសារក្រីក្រប្រកបដោយប្រសិទ្ធភាពនិងជាពិសេសក្នុងដំណាក់កាលនេះ គឺទទួលបានការឧបត្ថម្ភពីរាជរដ្ឋាភិបាលកម្ពុជា ដែលជាក់ស្តែងទទួលបានប្រាក់ឧត្ថម្ភពីរាជរដ្ឋាភិបាលកម្ពុជាចាប់ពីខែមិថុនា ឆ្នាំ២០២០មក និងពេលថ្មីៗនេះទៀតសម្តេចតេជោប្រមុខរាជរដ្ឋាភិបាល ក៏បានប្រកាសបន្តការឧបត្ថម្ភចំនួន៣ខែបន្តទៀត គឺខែមករាខែកុម្ភៈ និងខែមិនា ឆ្នាំ២០២០។

លោក ស្រី ដា បានបន្តថា ជាទស្សនៈលោក គ្រួសារក្រីក្រក្នុងអំឡុងការរីករាលដាលនៃជំងឺកូវីដ១៩នេះ ដែលបន្តពីគ្រួសារក្រីក្រ ដែលធ្លាក់ក្នុងភាពក្រីក្រមុនពេល ការរីករាលដាលជំងឺកូវីដ១៩នេះ (ដែលមានប្រមាណ៥៣ម៉ឺនគ្រួសារ) គឺជាគ្រួសារក្រីក្រដែលរងប៉ះពាល់ខ្លាំងក្នុងពេលសេដ្ឋកិច្ចត្រូវបានរាំងស្ទះដោយសារកូវីដ១៩នេះ ដូចជាបាត់បង់ការងារធ្វើ បាត់បង់ប្រាក់ចំនូល ឬមានវិបត្តិផ្សេងៗ ដែលធ្វើអោយគាត់ធ្លាក់ខ្លួនក្នុងភាពក្រីក្រ ឬស្ថិតនៅជិតខ្សែបន្ទាត់ភាពក្រីក្រ។ តួលេខគ្រួសារក្រីក្រនេះ ក្រសួងសង្ឃឹមថានឹងថយចុះមកវិញ នូវពេលដែលស្ថានភាពសេដ្ឋកិច្ចកម្ពុជានឹងប្រសើរឡើងវិញនាឆ្នាំក្រោយ ២០២១ ដែលស្ថាប័នហិរញ្ញវត្ថុ ក៏បានព្យាករណ៍ថាសេដ្ឋកិច្ចកម្ពុជាក៏នឹងបានប្រសើរឡើងផងដែរក្នុងឆ្នាំ២០២១ ដោយការដាក់ចេញនូវគោលនយោបាយ និងវិធានការណ៍សំខាន់ៗរបស់រាជរដ្ឋាភិបាលកម្ពុជា៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២