កណ្ដាល ៖ ករណីឃាតកម្ម ដែលក្រុមឃាតករ ធ្វើគុតលើព្រះសង្ឃ ជាព្រះចៅអធិការ វត្តចេតិយ៍ថ្មី នៅឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល ពេលនេះ សមត្ថកិច្ចឃាត់ខ្លួន ជនសង្ស័យ ដែលជាអ្នកផ្តើមគំនិត ជួលក្រុមឃាតករ ក្នុងតំលៃ១ម៉ឺនដុល្លារ ត្រូវតុលាការ សម្រេចឃុំខ្លួនដាក់ពន្ធនាគារ នៅរសៀល ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២០ និងរង់ចាំស្រាវជ្រាវ រកជនដែដល់ មកផ្តន្ទាទោស តាមច្បាប់។
ជនសង្ស័យរូបនេះ ឈ្មោះ ឡៅ ទ្រី ហៅ ឃាង ភេទប្រុស អាយុ ៥១ ឆ្នាំ មុខរបរ ជាអ្នករកស៊ីពុះដីឡូតិ៍លក់ មានលំនៅ នៅភូមិផ្សារដែក ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្ដាល ។
អស់រយៈពេល ១សប្តាហ៍ ក្រោយមក ពោលគឺនៅថ្ងៃទី២៧ ខែធ្នូ កិច្ចប្រត្តិបត្តិការ និងការស្រាវជ្រាវរបស់ សមត្ថកិច្ចនគរបាលខេត្តកណ្តាល បានឈានទៅដល់ការឃាត់ខ្លួន ជនផ្តើមគំនិតក្នុងអំពើផ្តាច់ជីវិត ទៅលើព្រះចៅអធិការ វត្តចេតីយថ្មីនេះ។ មេខ្លោងផ្តើមគំនិត រូបនេះ បានសារភាព នៅចំពោះមុខសមត្ថកិច្ចថាៈ នៅថ្ងៃមិនចាំខែតុលា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ១១ ថ្ងៃត្រង់ ឈ្មោះ ស្រេង ស្រ៊ុន បានទូរស័ព្ទ មកជនសង្ស័យ ឈ្មោះ ឡៅ ទ្រី ហៅ ឃាង ណាត់ជួបគ្នា នៅហាងម្លប់ស្វាយ ជិតផ្លូវចូលប៉ុស្តិ៍នគរបាលរដ្ឋបាល វិហារលួង ។ នៅពេលជួបគ្នា ជនសង្ស័យបាននិយាយ រឿង ឈ្លោះគ្នាជាមួយ ចៅអធិការវត្តចេតិយ៍ថ្មី ហើយបានសួររកអ្នកផ្តាច់ជីវិត ។ ពេលនោះ ឈ្មោះ ស្រេង ស្រ៊ុន ថា រឿងហ្នឹងកុំភ័យ ឲ្យតែលុយមក ទើបឈ្មោះ ឡៅ ទ្រី ហៅ ឃាង សួរថាប៉ុន្មាន? ឈ្មោះ ស្រេង ស្រ៊ុន ឆ្លើយថា ៧.០០០ ដុល្លារ ហើយខ្លួន (ឡៅ ទ្រី) បានយល់ព្រម ។
មេខ្លោងផ្តើមគំនិតរូបនេះ សារភាពបន្តថាៈ រំលងបានប្រហែល ២០ ថ្ងៃ ក្រោយមក វេលាម៉ោងប្រហែល ៤ រសៀល ឈ្មោះ ស្រេង ស្រ៊ុន (ជនដៃដល់) បានទូរស័ព្ទហៅខ្លួន ឲ្យទៅជួបនៅហាងម្លប់ត្នោត ដោយប្រាប់ថា ១០.០០០ ដុល្លារ ទើបបានធ្វើកើតព្រោះទាល់ តែគ្នា ៣ នាក់ បានធ្វើឈ្នះ ។ ពេលនោះ ខ្លួនក៏បានយល់ព្រម ហើយបានប្រគល់លុយ ឲ្យមុនចំនួន ៣.០០០ ដុល្លារ រួចក៏បែកគ្នា ចេញមកមុន ។ លុះមកដល់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៦និង៤០នាទីយប់ ឈ្មោះ ស្រេង ស្រ៊ុន បានទូរស័ព្ទមកប្រាប់ខ្លួនថា «ប្លង់រឹង» (ភាសាសម្ងាត់ ពេលធ្វើសកម្មភាព) ធ្វើរួចហើយ ។ ខ្លួនក៏ថា ធ្វើរួច ក៏រួចទៅ ។
ប្រភពដដែល បានបន្តថាៈ លុះដល់ម៉ោងប្រហែល ១០ យប់ថ្ងៃដដែល ឈ្មោះ ស្រេង ស្រ៊ុន ជាជនដៃដល់ បានឆាតតាមតេឡេក្រាម ( Telegram ) ថាបានផ្តាច់ជីវិត ចៅអធិការ រួចហើយ ដោយរឹត.ក រួចលើកដាក់លើគ្រែ គ្របភួយ។ ពេលនោះ ឈ្មោះ ស្រេង ស្រ៊ុន បានទារលុយ ពីខ្លួនបង្គ្រប់ តែខ្លួនថា ចាំស្អែកទៅ ។ លុះស្អែកឡើង វេលាម៉ោង ១០និង៣០នាទីព្រឹក ខ្លួន (ឡៅ ទ្រី ) បានបើករថយន្ត ម៉ាកតូយ៉ូតា ព្រូស យកលុយទៅឲ្យឈ្មោះ ស្រេង ស្រ៊ុន ជាជនដៃដល់ នៅជិតរោងចក្រស្រែចិន្តា ។ ពេលទៅដល់ឃើញ ឈ្មោះ ស្រេង ស្រ៊ុន ជិះម៉ូតូម៉ាកហុងដា វ៉េវ អាល់ហ្វា អត់ផ្លាកលេខ ចាំនៅទីនោះ ហើយក៏ហុចលុយ ៧.០០០ ដុល្លារ តាមកញ្ចក់ឡាន ឲ្យទៅឈ្មោះ ស្រេង ស្រ៊ុន រួចហើយឈ្មោះ ស្រេង ស្រ៊ុន បានប្រាប់ថា ពេលប៉ូលិសសួរ កុំឆ្លើយអ្វីទាំងអស់ និយាយតែមិនដឹងៗទៅ ប៉ូលិសមិនអាច ធ្វើអ្វីកើតទេ និងឲ្យលុបលេខទូរស័ព្ទ និងរូបពាក់ព័ន្ធទាំងអស់ចោល រួចក៏បែកគ្នាទៅ។
ចម្លើយរបស់មេខ្លោង ផ្តើមគំនិតរូបនេះ បានបន្តថាៈ មូលហេតុដែលខ្លួន (ឡៅ ទ្រី) បានរៀប ចំផែនការ ធ្វើគុតព្រះសង្ឃ ជាជនរងគ្រោះ ព្រោះបានយកផ្ទះ និងតូបផ្សារ នៅផ្សារមាន់អាំង នៅរាជធានីភ្នំពេញ និងដី២ឡូតិ៍ នៅផ្សារត្រាច ខេត្តកំពង់ឆ្នាំង ដោយបានយកលុយ ពីលោកចំនួន ១១.៥០០ ដុល្លារថា ទៅសង់ផ្ទះ តែមិនបានសង់ទេ ព្រមទាំងយកទ្រព្យសម្បត្តិ របស់លោក (ចៅអធិការ) ដែលជនរងគ្រោះ ឲ្យខ្លួនឈរឈ្មោះជំនួសយកទៅលក់អស់ ទៀតផង ។ ចុងក្រោយនេះ ខ្លួនបានលេចឮព័ត៌មានថា ព្រះចៅអធិការ លោកជិតសឹក នៅដំណាច់ឆ្នាំនេះ ដើម្បីទៅកាន់កាប់ និងគ្រប់គ្រងទ្រព្យសម្បត្តិ និងផ្ទះសម្បែងទាំងអស់ របស់លោកវិញ ទើបខ្លួនរៀបចំផែនការធ្វើគុត ដើម្បីបំបិទមាត់ព្រះអង្គ ឲ្យបានសម្រេច នៅថ្ងៃទី១៩ ខែធ្នូ នេះតែម្ដង ក្នុងគោលបំណងប្រមូល និងកាន់កាប់ លុយកាក់ និងទ្រព្យសម្បត្តិ របស់ព្រះចៅអធិការទាំងអស់។
គួររំលឹកថា កាលពីវេលាម៉ោង ៨និង២០ នាទីព្រឹក ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ កន្លងទៅ នៅវត្តចេតិយ៍ថ្មី ក្នុងភូមិចេតិយ៍ថ្មី ឃុំវិហារលួង ស្រុកពញាឮ ខេត្តកណ្តាល មានករណីធ្វើ គុតព្រះចៅអធិការ វត្តចេតិយ៍ថ្មី ព្រះនាម ភោគ ធារិទ្ធ ហៅ តាតឿ ហៅ តាតុប មានព្រះជន្ម៥៣ព្រះវស្សា ត្រូវក្រុមឃាតករ រឹត.ក ប្រើប្រាស់ខ្សែនីឡុង ពណ៌ស (ខ្សែកន្ទុយកណ្តុរ) សុគត នៅលើគ្រែ ក្នុងបន្ទប់ ដែលព្រះអង្គសិង៕


