ភ្នំពេញ ៖ ដើម្បីរំដោះជំនន់ទឹកភ្លៀង កុំឱ្យលិចលង់ ភូមិដ្ឋានប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ឱ្យបានកាន់តែ ល្អប្រសើរឡើង អាជ្ញាធររាជធានីភ្នំពេញ ដឹកនាំដោយលោក ឃួង ស្រេង ជាអភិបាល បានយកចិត្តទុកដាក់ ខ្លាំងណាស់ ដោយនៅក្នុងឆ្នាំ២០២០ នេះ បានកសាងនូវបណ្តាញលូថ្មីធំៗ ការជីកស្តារប្រឡាយ ឱ្យបានជ្រៅ និងធំជាងមុន ជាមួយនឹងការកសាង អភិវឌ្ឍន៍ ស្ថានីយបូបទឹក អោយមានកម្លាំងខ្លាំងក្លាជាងមុន ហើយជាទិសដៅ នៅឆ្នាំ២០២១ ខាងមុខនេះ រដ្ឋបាលរាជធានីភ្នំពេញ ក៏មានគម្រោងស្តារប្រឡាយ ១២ ខ្សែ បន្ថែមទៀត ក្នុងចំណោមប្រឡាយ៣៧ ខ្សែ ដែលត្រូវស្តារឡើងវិញ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានបញ្ជាក់ថាៈ នៅឆ្នាំ២០២០នេះ រដ្ឋបាលរាជធានីភ្នំពេញ បានដាក់ចេញជាផែនការ បំពាក់ម៉ាស៊ីនបូមទឹកថ្មី មួយគ្រឿង ទំហំ១ម៉ែត្រកន្លះ ១គ្រឿង និងទំហំ១ម៉ែត្រ២តឹក ចំនួន២គ្រឿង រួមទាំងការស្តារប្រឡាយទឹក ឱ្យកាន់តែធំ និងជីកបុកស៊ីផាយ អមសងខាងប្រឡាយ នៅស្ថានីយបូមទឹកបឹងទំពុន ដើម្បីពន្លឿនការបូមទឹក ឱ្យបានលឿន បញ្ចៀសនូវការលិចលង់ ដោយជំនន់ទឹកភ្លៀង នៅបឹងសាឡាង តំបន់ម៉ុងឌីយ៉ាល់ ផ្លូវ២៦១ សង្កាត់ទឹកល្អក់៣ ខណ្ឌទទួលគោក តំបន់លូប្រាំ ស្ទឹងមានជ័យ និងមួយផ្នែកទៀត នៃខណ្ឌពោធិ៍សែនជ័យ ដោយការងារនេះ នឹងចាប់ផ្តើមអភិវឌ្ឍន៍ស្ថានីយ ចាប់ពីដើមរដូវប្រាំង ឆ្នាំ២០២១ នេះតទៅ។
អាជ្ញាធររាជធានីភ្នំពេញ បានជីកស្តារប្រឡាយ អូរខ្សាច់ ដែលមានប្រវែង ១៨ គីឡូម៉ែត្រ ចេញពីឃុំបែកចាន ក្នុងស្រុកអង្គស្នួល ខេត្តកណ្ដាល ឆ្លងមកសង្កាត់កំបូល សង្កាត់ឪឡោក សង្កាត់ស្នោរ ខណ្ឌកំបូល ហើយបន្តហូរចូល ទៅក្នុងបឹងតាមោក ដើម្បីរំដោះទឹក កុំអោយលិចលង់ នៅផ្លូវជាតិលេខ៤ និងនៅមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ៕


