ក្នុង​ឆ្នាំ​២០២០ ស៊ីម៉ាក់ រំដោះ​ផ្ទៃដី​ចំការមីន និង​ចម្ការ ជាង៩ម៉ឺនហិកតា និងកម្ទេចចោល​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ ជិត៤០ម៉ឺនគ្រាប់

ភ្នំពេញ ៖ ក្នុង​ឆ្នាំ​២០២០ អង្គភាព​ស៊ីម៉ាក់​បានធ្វើ​ការរំដោះ​ផ្ទៃដី​ចំការមីន និង​ចម្ការ ​សរុប​ចំនួន​ជាង ៩.២០០​ហិក​តា ដោយ​រុក​រកឃើញ និង​កម្ទេចចោល​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ សរុប​ចំនួន​៣៩.២៤៩​គ្រាប់​។​ នេះបើយោងតាមការបញ្ជាក់ ពី លោក ហេង រតនា ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា​អគ្គនាយក​មជ្ឈមណ្ឌល​ក​ម្ចា​ត់​មីន​កម្ពុជា (​ស៊ីម៉ាក់​)។

​លោកហេង រតនា បន្តថា កិច្ចប្រតិបត្តិការ​ពេញ​មួយឆ្នាំ​២០២០ អង្គភាព ​CMAC ​បានធ្វើ​ការរំដោះ​ផ្ទៃដី​ចម្ការមីន និង​ចម្ការ​គ្រាប់​សរុប​ចំនួន​ជាង​ ៩.២០០​ហិក​តា ស្មើនឹង​ប្រមាណ​១១៥% នៃ​ផែនការ​ពង្រាយ​កម្លាំង​ប្រតិបត្តិ​ការជាក់ស្ដែង​ និងបាន​រុក​រកឃើញ​និង​កម្ទេចចោល​គ្រាប់មីន​និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​សរុប​ចំនួន​៣៩.២៤៩​គ្រាប់​។ ទន្ទឹមនឹងនេះ ក៏បាន​ធ្វើការ​អប់រំ​យ​ល់​ដឹង​ពី​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដល់​ក្រុម​គោលដៅ​បាន​ចំនួន​១៧.៣៦៣​លើក ស្មើនឹង​៥៥៦.២៨៨​ខ្នង​ផ្ទះ មាន​ប្រជាពលរដ្ឋ​ចូលរួម​ចំនួន​១.១៧៦.៣១២​នាក់​។ គាំទ្រ​ដល់​ជនរងគ្រោះ​ដោយសារ​គ្រាប់មីន​និង​សំណល់​ជាតិ​ផ្ទុះ​ពី​សង្គ្រាម ដោយ​ផ្តល់​ផ្លូវ​អភិវឌ្ឍន៍ជនបទ ជំនួយ​ខាង​សេដ្ឋកិច្ចសង្គម ។ បញ្ចូល​ក្របខ័ណ្ឌ​និង​ដាក់​មន្ត្រី​អង្គភាព​ឱ្យចូល​និវត្តន៍​ចំនួន ៤៩២ នាក់​។

ក្នុង​ឆ្នាំ​២០២១ អង្គភាព​CMAC​មាន​ផែនការ​រំដោះ​ផ្ទៃដី​ចម្ការមីន និង​ចម្ការ​គ្រាប់​ចំនួន​ប្រមាណ ១១.៣០០ ហិច​តា ផែនការ​នេះ​អាច​រុករក​និង​កម្ទេចចោល​គ្រាប់​មិនទាន់​ផ្ទុះ​គ្រប់​ប្រភេទ​ចំនួន​ប្រមាណ​៤០.០០០​គ្រាប់ ព្រមទាំង​ត្រូវ​ឆ្លើយតប​សំណើសុំ​អន្ដរាគមន៍​បន្ទាន់ៗ​ចំនួន​៥.០០០​ករណី​។ ផែនការ​ឆ្នាំ​២០២១ ដែលជា​ផែនការ​មាន​លក្ខណៈ​រស់​រវើក​ផ្អែកលើ​ផែនការ​យុទ្ធសាស្ដ្រ​របស់​អង្គភាព ផែនការ​យុទ្ធសាស្ដ្រ​ជាតិ​សកម្មភាព​មីន ក៏ដូចជា​ផែនការ​យុទ្ធសាស្ដ្រ​ថ្នាក់ក្រោម​ជាតិ ដែលជា​កន្សោម​អាទិភាព​កំណត់​គោលដៅ​ក្នុងការ​រៀបចំ​ផែនការ​សមាហរណកម្ម​ឆ្នាំ​២០២១​។ ដើម្បី​ឆ្លើយតប​តម្រូវការ​ប្រតិ​ប​តិ្ត​ការ អង្គភាព​ស៊ីម៉ាក់​ន​ចាំបាច់​ត្រូវធ្វើ​កំណែទម្រង់ សំដៅ​ពង្រឹងសមត្ថភាព​ក្រុម សម្ភារ​:​បំពាក់ មធ្យោបាយ​ដឹកជញ្ជូន និង​ស្ថានភាព​ភូមិសាស្ដ្រ​ចម្ការមីន​/​គ្រាប់​ផងដែរ​។ ក្នុងការ​រៀបចំ​យុទ្ធសាស្ត្រ​និង​យុទ្ធវិធី​ប្រតិ​ប​តិ្ក​ការ អង្គភាព​ស៊ីម៉ាក់​ប្រកាន់​ទស្សនវិស័យ​ជា​មូលដ្ឋានចំនួន​២​គឺ ស្ថានភាព​ភូមិសាស្ត្រ​ត្រូវ​ប្រតិបត្តិការ និង​ស្ថានភាព​តម្រូវការ​ខាង​សេដ្ឋកិច្ចសង្គម​នៃ​សហគមន៍​រង​ការគំរាមកំហែង​ដោយសារ​គ្រាប់មីន​!៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២