បញ្ចប់ការប្រកួតកីឡាប៉េតង់ ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ ដោយមានអ្នកចូលរួមប្រកួតច្រើនបំផុតដែលមិនធ្លាប់មាន

ភ្នំពេញ ៖ សហភាពសហព័ន្ធយុវជនកម្ពុជា បានឲ្យដឹង ថាក្នុងរយៈពេលថ្មីៗ ចុងក្រោយនេះ យុវជនកម្ពុជាបានយកចិត្តទុកដាក់ និងបានចូលរួមយ៉ាងសស្រាក់ស្រាំ ក្នុងសកម្មភាព និងព្រឹត្តិការណ៍កីឡានានា។ ជាក់ស្តែងឆ្នាំនេះ កីឡាប៊ូល និងប៉េតង់របស់កម្ពុជាបានកត់ត្រានូវកំណត់ត្រាថ្មី ដោយទទួលបានការចូលរួមប្រកួតច្រើនបំផុតដែលមិនធ្លាប់មាន ទូទាំងប្រទេសរហូតដល់ ៥៩ក្លឹប/សមាគម។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានគណៈកម្មការអប់រំ យុវជន កីឡា ធម្មការ កិច្ចការសាសនា វប្បធម៌ និងទេសចរណ៍នៃរដ្ឋសភា បានអញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រកួតកីឡាប៉េតង់ ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ នៅពហុកីឡដ្ឋាន នារសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១។

ថ្លែងក្នុងពិធីបិទការប្រកួតនេះ ឯកឧត្តម ហ៊ុន ម៉ានី បានចូលរួមអបអរសាទរជាមួយក្រុមកីឡាករ កីឡាការិនី និងជ័យលាភី នៃការប្រកួតកីឡាប៉េតង់ ថ្នាក់ជាតិឆ្នាំ២០២០ ដោយឯកឧត្តមបានមានប្រសាសន៍ថា «ភាពជោគជ័យនៅថ្ងៃនេះ បានបង្ហាញពីការខិតខំប្រឹងប្រែង វិន័យ ការតស៊ូ និងស្មារតីជាក្រុមរួមគ្នា។ ទោះបីជាលទ្ធផលយ៉ាងណាក្តី តែអ្វីដែលមិនអាចកាត់ថ្លៃបានគឺមិត្តភាព និងសាមគ្គីភាព»។ ទន្ទឹមនេះ ឯកឧត្តមបានបន្តថា តាមរយៈការប្រកួតនេះ កីឡាករ កីឡាការិនីទាំងអស់បានទទួលបទពិសោធន៍ថ្មីមួយ ជាមួយការហ្វឹកហាត់បន្ថែម ដើម្បីបន្តភាពរឹងមាំ និងបន្តរក្សាកេរ្តិ៍ឈ្មោះល្បីល្បាញរបស់កម្ពុជាលើប្រភេទកីឡានេះ ជាបន្តបន្ទាប់ទៅថ្ងៃអនាគត។

សូមជម្រាបជូនដែរថា ការប្រកួតកីឡាប៉េតង់ ជ្រើសរើសជើងឯកថ្នាក់ជាតិឆ្នាំ២០២០ ត្រូវបានប្រារព្ធឡើងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី២៩ ដល់ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ រួមមាន៨ វិញ្ញាសា៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២