គង់ ច័ន្ទវុទ្ធី ៖ ព្រះខ័នរាជស្វាយរៀងជាក្រុមខ្លាំង តែគិរីវង់ បានត្រៀមខ្លួនរួចរាល់ ទទួលស្វាគមន៍! ពួកយើងនឹងខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាព

ភ្នំពេញ ៖ សប្តាហ៍នេះគិរីវង់សុខសែនជ័យនឹងបើកទ្វារផ្ទះរបស់ខ្លួនទទួលស្វាគមន៍ក្រុមភ្ញៀវព្រះខ័នរាជស្វាយរៀង ក្នុងជំនួបការប្រកួតពានរង្វាន់លីគកំពូលកម្ពុជាសប្តាហ៍ទី១០ នៅថ្ងៃសៅរ៍ ទី២៤ កក្កដា វេលាម៉ោង១៥:៣០រសៀលខាងមុខនេះ។

កីឡាករអ្នកចាំទីរបស់គិរិវង្សសុខសែនជ័យបានឱ្យដឹងថា “សម្រាប់ខ្ញុំគិតថាព្រះខ័នរាជស្វាយរៀងជាក្រុមមួយដែលខ្លាំងក្នុងការប្រកួតថ្ងៃសៅរ៍ខាងមុខនេះ ប៉ុន្តែក្រុមខ្ញុំក៏បានត្រៀមខ្លួនរួចរាល់សម្រាប់ការជួបជាមួយព្រះខ័នរាជស្វាយរៀង ទោះជាការប្រកួតចុងក្រោយរបស់ពួកខ្ញុំទទួលបានលទ្ធផលមិនល្អក៏ដោយ ប៉ុន្តែពួកខ្ញុំសង្ឃឹមថានឹងទទួលបានលទ្ធផលល្អមកវិញនៅក្នុងការប្រកួតជាមួយព្រះខ័នរាជស្វាយរៀងខាងមុខនេះ”។

សូមរំលឹកថាកីឡាកររូបនេះចាប់ផ្តើមចូលលេងបាល់ទាត់នៅក្នុងឆ្នាំ២០១១ ធ្លាប់បានជាប់ជម្រើសជាតិអាយុក្រោម១៣ឆ្នាំនិង១៤ឆ្នាំ រហូតដល់ឆ្នាំ២០១៤ក៏បានចូលរួមក្នុងក្រុមយុវជនក្លឹបបាល់ទាត់ភ្នំពេញក្រោនអាយុក្រោម១៥ឆ្នាំ តមកដល់ឆ្នាំ២០១៦ក៏បានចូលហ្វឹកហាត់ជាមួយក្រុមឈុតធំរបស់ភ្នំពេញក្រោន និងមានឱកាសបានជាប់ជម្រើសជាតិអាយុក្រោម១៩ឆ្នាំ ទៅប្រកួតនៅប្រទេសវៀតណាម កំឡុងឆ្នាំ២០១៦។ រូបគេក៏បន្តនៅរួមរស់ជាមួយក្លឹបបាល់ទាត់ភ្នំពេញក្រោនរហូតត្រូវផ្ទេរទៅចូលរួមជាមួយក្លឹបបាល់ទាត់គិរីវង់សុខសែនជ័យនៅរដូវកាលឆ្នាំ២០២១នេះក្នុងលក្ខណ្ឌខ្ចីជើង ។

គួរជម្រាបថាក្រោយការចាកចេញពីក្លឹបបាល់ទាត់ភ្នំពេញក្រោនទៅចូលរួមជាមួយក្លឹបបាល់ទាត់គិរីវង់សុខសែនជ័យកីឡាករគង់ ច័ន្ទវុទ្ធី បានបង្ហាញភាពលេចធ្លោក្នុងការប្រកួតជាច្រើនកន្លងមកដោយបានក្លាយជាកីឡាករល្អ (MAN OF THE MATCH) នៅក្នុងសប្តាហ៍ទី៨ ផងដែរ ។ គិតត្រឹមសប្តាហ៍ទី៩ ក្រុមបាល់ទាត់គិរីវង់សុខសែនជ័យ ប្រកួតបានចំនួន៧ប្រកួត ឈ្នះ៣ ចាញ់៤ មិនដែលស្មើ ហើយកំពុងតែមាន៩ពិន្ទុក្នុងដៃ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២