សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ មានប្រសាសន៍ថា សូមឲ្យស្នងការដ្ឋាននគរបាលរាជធានី-ខេត្តគោរពអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលយ៉ាងត្រឹមត្រូវបំផុត

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង សូមឲ្យស្នងការដ្ឋាននគរបាលរាជធានី-ខេត្តគោរពអនុវត្តវិធានការរបស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលយ៉ាងត្រឹមត្រូវបំផុត ហើយបញ្ហានេះដោយសារមានការចាំបាច់ក្នុងការផ្ដល់សេវាធារណៈជូនប្រជាពលរដ្ឋទូទាំងប្រទេស ដូច្នេះហើយទើប សម្ដេចសម្រេចរៀបចំពិធីប្រគល់រថយន្ដ ជូនស្នងការដ្ឋាននគរបាលខេត្តនាពេលនេះ ដើម្បីឱ្យសមត្ថកិច្ចយកទៅបំពេញការងាររបស់ខ្លួន ជាពិសេសនោះបម្រើប្រជាពលរដ្ឋ។

សម្ដេចក្រឡាហោម បានកោតសសើរចំពោះកម្លាំងនគរបាលជាតិទាំងអស់ ដែលបានចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ នៅប្រទេសកម្ពុជា។ សម្ដេច ក៏បានចូលរួមរំលែកទុក្ខចំពោះកម្លាំងនគរបាល បានពលីជីវិតក្នុងបេសកម្មក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវិដ-១៩ ក៏ដូចជា ចូលរួមរំលែកទុក្ខដល់ក្រុមគ្រួសារសពមន្ដ្រីរាជការស៊ីវិល នៃក្រសួងមហាផ្ទៃដែលទទួលមរណៈ ភាពដោយជំងឺកូវីដ-១៩។

សម្ដេចក្រឡាហោម ក៏បានគូសបញ្ជាក់ថា ក្នុងស្ថានភាពបច្ចុប្បន្នជំងឺកូវីដ-១៩ មិនទាន់ធូរស្រាលនៅឡើយទេទាំងនៅប្រទេសកម្ពុជា និងពិភពលោក ដូច្នេះ កម្លាំងនគរបាលជាតិទាំងបន្ដចូលរួមប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩បន្ថែមទៀត។

សម្តេចក្រឡាហោម ស ខេង មានប្រសាសន៍បែបនេះ នៅក្នុងពិធីអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ក្នុងពិធីប្រគល់រថយន្ត Ford Ranger Pick-Up ចំនួន ៨៧គ្រឿង នាព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២១នេះ ជូនស្នងការដ្ឋាននគរបាលខេត្តចំនួន២៣ ដោយមានការចូលរួមពី រដ្ឋលេខាធិការ អគ្គស្នងការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គលេខាធិការ អគ្គនាយក នៃអគ្គនាយកដ្ឋានរដ្ឋបាល អគ្គនាយក នៃអគ្គនាយកដ្ឋានភស្ដុភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ និងស្នងការដ្ឋាននគរបាលខេត្ត ព្រមទាំងអ្នកពាក់ព័ន្ធជាច្រើនរូបទៀត សរុបប្រមាណជា ១១០រូប។

នាឱកាសនោះដែរ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ បានមានប្រសាសន៍ផ្ដាំផ្ញើ និងណែនាំដល់ស្នងការដ្ឋាននគរបាលខេត្តថា ត្រូវប្រើប្រាស់រថយន្ដនេះឱ្យត្រឹមត្រូវបំផុត និងថែទាំរថយន្ដឱ្យប្រើប្រាស់យូរ អង្វែង ក្នុងការបំពេញបេសកម្មជូនប្រជាពលរដ្ឋ។ សម្ដេច បានថ្លែងអំណរគុណចំពោះសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា តែងតែជួយជ្រោមជ្រែង និងយកចិត្តទុកដាក់ដល់កម្លាំងនគរបាលជាតិ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២