NGS ពង្រីកចាប់ដៃគូរក្នុងការសិក្សា ដើម្បីអភិវឌ្ឍធនធានមនុស្សលើផ្អែកចំណេះដឹង

ភ្នំពេញ: សាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិ (NGS) ពង្រីកការចាប់ដៃគូរជាមួយគ្រឹះស្ថានសិក្សាជាតិ និងអន្តរជាតិ ដើម្បីជម្រុញ កសាង និងអភិវឌ្ឍធនធានមនុស្ស ប្រកបដោយសក្តានុពល ក្នុងទិសដៅចូលរួមចំណែកកសាងសង្គមកម្ពុជា ឱ្យក្លាយទៅជាសង្គម រីកចម្រើន លើផ្អែកចំណេះដឹង និងចំណេះធ្វើជាមូលដ្ឋាន។

លោក សម្ស កំសាន្ត នាយករងទទួលបន្ទុកសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ បានលើកឡើងក្នុងពិធីចុះអនុស្សរណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការភាពជាដៃគូរ រវាងសាលារៀនជំនាន់ថ្មីនៃវិទ្យាល័យព្រះស៊ីសុវត្ថិ និងសាលាអន្តរជាតិ មែនន័រ នៅថ្ងៃទី ៦ ខែ សីហា ឆ្នាំ ២០២១ នេះថា ជុំវិញនិងផែនការរបស់សាលារៀនជំនាន់ថ្មី គឺបានបង្ហាញនូវការសិក្សាតាមបែបសតវត្សរ៍ទី២១ បច្ចុប្បន្នបានជម្រុញកិច្ចសហការលើគ្រប់វិស័យ ដើម្បីលើកតម្កើងគុណភាពនៃការអប់រំ ជាក់ស្តែងនៅក្នុងបរិក្ខារនេះ សាលារៀនជំនាន់ថ្មី បានពង្រីកការចុះកិច្ចអនុស្សារណៈយោគយល់គ្នាទាំងជាតិនិងអន្តរជាតិ ដើម្បីផ្លាស់ប្តូរនូវបទពិសោធន៍ និងការរៀនពីគ្នាទៅវិញទៅមក។

លោកបន្តថា ពាក់ព័ន្ធនិងការសិក្សានេះ សាលារៀនជំនាន់ថ្មី បានផ្សារភ្ជាប់កម្មវិធីសិក្សាទំនើប តាមបែបឌីជីថល ដែលហៅថា កម្មវិធីអប់រំ STEM ក្នុងនោះការសិក្សាតាមកម្មវិធីនេះ គឺរៀនដើម្បីយកទៅអនុវត្ត និងប្រើប្រាស់នៅក្នុងជីវភាពប្រចាំថ្ងៃ ជាក់ស្តែងនៅក្នុងការសិក្សារយៈពេល ៦ឆ្នាំមកនេះ សិក្សានុសិស្សដែលចេញពីសាលារៀនជំនាន់ថ្មី ទទួលបានការងារធ្វើជាច្រើន។ ដោយឡែកតាមរយៈ នៃចុះអនុស្សារណៈយោគយល់គ្នានៅក្នុងថ្ងៃនេះ គឺជាការពង្រីកកម្មវិធីសិក្សាបន្ថែម ដើម្បីបង្កើតធនធានមនុស្សលើផ្នែកនេះឱ្យកាន់តែច្រើន ឱ្យស្របតាមសម័យបច្ចេកវិទ្យាឌីជីថល ដែលកំពុងរីកច្រើន ។

ចំណែកលោក រឿន ចន្ថា ប្រធានក្រុមប្រឹក្សាភិបាល នៃសាលាអន្តរជាតិមែនន័រ លើកឡើងថា ការចាប់ដៃគូរវាងសាលារៀនជំនាន់ថ្មី (NGS) ដែលជាស្ថាប័នគ្រឹះស្ថានអប់រំគ្រប់គ្រង តាមខ្សែបណ្តោយនៃក្រសួងអប់រំ យុវជន និងកីឡា គឺជាការការចែករំលែក ទាំងធនធានរូបី និងអរូបីវិជ្ជមានយ៉ាងពេញទំហឹងទៅសាលាអន្តរជាតិមែនន័រ ដែលជាស្ថាប័នផ្តល់សេវាអប់រំឯកជន ពីកម្រិតមត្តេយ្យសិក្សាដល់មធ្យមសិក្សាទុតិយភូមិ ដែលមានទស្សនៈវិស័យវែងឆ្ងាយ ក្នុងការចូលរួមសម្រេចចក្ខុវិស័យ និងបេសកកម្ម ឈរលើគោលនយោបាយអប់រំ របស់ក្រសួងអប់រំ យុវជន និងកីឡា គឺការកសាង និងអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងគុណធម៌ប្រ សើរបំផុតលើគ្រប់ផ្នែក ដើម្បីកសាងសង្គមកម្ពុជាឱ្យក្លាយទៅជាសង្គមរីកចម្រើនផ្អែកលើចំណេះដឹង និងចំណេះធ្វើជាមូលដ្ឋាន ជាក់ស្តែងនៅពេលនេះ សាលាអន្តរជាតិមែនន័រ នឹងទទួលបានការបំពាក់យន្តការកម្មវិធីសិក្សា ទៅតាមសាលារៀនជំនាន់ថ្មី នៃវិទ្យាល័យព្រះស៊ីសុវត្ថិ តាមបែបការអប់រំឌីជីថលទាំងស្រុង ។
សូមបញ្ជាក់៖ ថាកម្មវិធីសិក្សា NGS ជាកម្មវិធីសិក្សាមានលក្ខណៈ STEM ដែលជាការអប់រំសម្រាប់សតវត្សរ៍ទី ២១ ក្នុងទស្សនទានឈានក្តោបយកបដិវត្តិន៍ឧស្សាហកម្មអប់រំ ៤.០ ដែលមានលក្ខណៈទំនើបទាំងក្នុងក្របខណ្ឌជាតិ និងអន្តរជាតិ ក្នុងនោះសាលារៀននេះមានហេដ្ឋារចនាសម្ព័ន្ធទំនើប (បន្ទប់រៀនឆ្លាតវៃ បន្ទប់បណ្ណាល័យសតវត្សទី ២១ បន្ទប់ពិសោធន៍ បន្ទប់ ICT បន្ទប់ប្រជុំបំណិន ជីវិត ផ្តល់ប្រឹក្សាមុខជំនាញ និងក្លិបសិក្សាផ្សេងៗទៀត) ចំណែកលោកគ្រូ អ្នកគ្រូ មានស្តង់ដាវិជ្ជាជីវគ្រូបង្រៀនខ្ពស់ មានក្រុមប្រឹក្សាភិបាលត្រួតពិនិត្យច្បាស់លាស់ ការសិក្សាមានស្តង់ដាខ្ពស់ ដោយប្រើប្រាស់បច្ចេកវិទ្យា (Computer Coding)ជាដើម៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២