វិមានពហុកីឡដ្ឋានជាតិមរតកតេជោនឹងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នៅខែធ្នូខាងមុខនេះហើយ

CAMSOC-ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានបើកកិច្ចប្រជុំប្រចាំសប្តាហ៍របស់ខ្លួន នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីត្រៀមលក្ខណៈឲ្យបានល្អប្រសើរ ក្នុងការរៀបចំពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវវិមានកីឡដ្ឋាននៃពហុកីឡដ្ឋានជាតិមរតកតេជោ នាខែធ្នូ ឆ្នាំ២០២១ ព្រមជាមួយនឹងការរាប់ថយក្រោយ ៥០០ថ្ងៃ និងប្រកាសបើក យុទ្ធនាការផ្សព្វផ្សាយ ឆ្ពោះទៅទទួលរៀបចំធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣។

មានប្រសាសន៍ក្រោយបញ្ចប់កិច្ចប្រជុំ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បានគូសបញ្ជាក់ថា ពិធីសម្ពោធវិមានកីឡដ្ឋាននេះ មិនទាន់ត្រូវបានកំណត់ពេលវេលាច្បាស់លាស់នៅឡើយទេ ដោយរង់ចាំការសម្រេចពីថ្នាក់ដឹកនាំសិន។ ប៉ុន្តែអ្វីដែលសំខាន់ ពិធីសម្ពោធនេះ ត្រូវបានយកចិត្តទុកដាក់ខ្ពស់ និងជំរុញធ្វើយ៉ាងណាឲ្យទទួលបានជោគជ័យ។ ជាមួយគ្នានោះ នៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៃវិមានកីឡដ្ឋាននេះ ក៏យើងត្រៀមរៀបចំពិធីរាប់ថយក្រោយ ៥០០ថ្ងៃ ឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ និងការត្រៀមប្រកាសបើកយុទ្ធនាការជាតិស្តីពីការផ្សព្វផ្សាយស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេមផងដែរ។

ឯកឧត្តម វ៉ាត់ ចំរើន បានសង្កត់ធ្ងន់ថា ការត្រៀមរៀបចំកម្មវិធីសំខាន់ៗទាំង៣នេះ គឺយើងកំពុងធ្វើការដោយហ្មត់ចត់បំផុត ក្រោមការយកចិត្តទុកដាក់ខ្ពស់ពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយកដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិ CAMSOC ដោយសម្តេចពិជ័យសេនាតែងតែចង្អុលបង្ហាញឲ្យក្រុមគណៈកម្មការជំនាញទាំងអស់ ប្រឹងប្រែងធ្វើឲ្យបានល្អប្រសើរឲ្យស័ក្តិសម និងភាពពិសេសទៅនឹងសមិទ្ធផលដ៏អស្ចារ្យនៃវិមានពហុកីឡដ្ឋានជាតិមរតកតេជោ។

ឯកឧត្តមអគ្គលេខាធិការបានបន្ថែមទៀតថា គណៈកម្មការជំនាញទាំងអស់របស់ CAMSOC កំពុងរៀបចំការសម្តែងសិល្បៈវប្បធម៌ នៅក្នុងអត្ថន័យនៃការរិតចំណងសាមគ្គីភាព មិត្តភាព កម្ពុជា-ចិន ដែលជាមិត្តដែកថែប ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត។ ជាមួយគ្នានោះ ការរៀបចំពិធីសម្ពោធជាផ្លូវការនេះ គឺជាការបង្ហាញឲ្យឃើញពីការត្រៀមឆ្ពោះទៅទទួលធ្វើជាម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ ឲ្យទទួលបានជោគជ័យ ជាប្រវត្តិសាស្ត្រជាលើកដំបូងរបស់ព្រះរាជាណាចក្រកម្ពុជាផងដែរ៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២