ភ្នំពេញ៖ការប្រកួតកីឡាវាយកូនបាល់ ជ្រើសរើសជើងឯកថ្នាក់ជាតិ ប្រចាំឆ្នាំ២០២១បានបញ្ចប់ដោយជោគជ័យ កាលពីល្ងាចថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ បន្ទាប់ពីដំណើរការអស់រយៈពេល៤ថ្ងៃ នៅរាជធានីភ្នំពេញ ដើម្បីសម្រិតសម្រាំងបានកីឡាករ កីឡាការនីជាច្រើនរូប ដែលជាម្ចាស់ជ័យលាភីលើ៤វិញ្ញាសា។
ការប្រកួតនេះ កីឡាករ កីឡាការិនីបានខិតខំប្រកួតអស់ពីសមត្ថភាព ដោយឈរលើស្មារតីកីឡា បច្ចេកទេសការប្រកួត ព្រមទាំងក្រមសីលធម៌ខ្ពស់ទៀតផង។ ជាមួយនឹងលទ្ធផលនេះប្រធានគណៈកម្មការលោក ជា ពៅ មានប្រសាសន៍ថា ម្ចាស់ជ័យលាភីទាំងអស់ត្រូវបានសម្រិតសម្រាំងប្រកបដោយបច្ចេកទេសខ្ពស់ ដើម្បីត្រៀមចូលរួមប្រកួតប្រជែងក្នុងការប្រកួតអន្តរជាតិ ក៏ដូចជាការប្រកួតស៊ីហ្គេម លើកទី៣១ នាខែឧសភា ឆ្នាំ២០២២ នៅប្រទេសវៀតណាមផងដែរ។
ការប្រកួតនេះ មានកីឡាករ កីឡាការិនីចូលរួមចំនួន៥៧នាក់ មកពី៨ក្លិប ដោយដំណើរការរយៈពេល៤ថ្ងៃមានចំនួន៨៣ប្រកួត។ ជ័យលាភីទាំង៤វិញ្ញាសានេះរួមមាន៖ វិញ្ញាសាវាយឯកត្តជននារីលេខ១ កីឡាការិនី ញ៉ែម ស្រីណុច មកពីក្លិបសៀមរាប, លេខ២ កីឡាការិនី ឈីវ អប្សរ៉ា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, លេខ៣ កីឡាការិនី ច័ន្ទ សុណ្ណលីនណា សៀមរាប។ វិញ្ញាសា វាយឯកត្តជនអាយុក្រោម១៨ឆ្នាំ លេខ១ ឈាង ច័ន្ទមុន្នី, លេខ២ ឡេង ឃ្លាង និងលេខ៣ វឿន វុទ្ធ។
វិញ្ញាសាវាយគូបុរស លេខ១ កីឡាករ ឡុង សំនៀង និងឱ សារិទ្ធ ,លេខ២ កីឡាករ ប៊ុន កេន្នី និងម៉ន ភក្តី ,លេខ៣ កីឡាករ ឃ្លាំង ពន្លក និងអ៊ិត ប៊ុនធា។ វិញ្ញាសាឯកត្តជនបុរស ម្នាក់ទល់ម្នាក់ លេខ១ កីឡាករ ប៊ុន កេន្នី ,លេខ២ កីឡាករ ឡុង សំនៀង និងលេខ៣ កីឡាករ ឱ សារិទ្ធ។
គួរបញ្ជាក់ផងដេរថា ចំពោះពិធីបំពាក់មេដាយដល់ម្ចាស់ជ័យលាភីទទួលបានការផ្តល់កិត្តិយសពីលោកជំទាវ ស៊ំ សុខា អនុប្រធានសហព័ន្ធកីឡាវាយកូនបាល់កម្ពុជា លោក ទេព រិទ្ធិវិទ្ធ អគ្គលេខាធិការសហព័ន្ធ និងលោក ទុយ ប៊ុនហឿន អនុប្រធាននាយកដ្ឋានអប់រំកាយ និងកីឡានៃក្រសួងអប់រំ យុវជន និងកីឡា៕
ដោយ៖ វិកគី
រូបភាព Cam2023


