ឯកឧត្តមបណ្ឌិត ថោង ខុន ៖ បង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹងសមត្ថភាព គុណភាពកីឡាករ-កីឡាការិនី ឆ្ពោះទៅរកឧត្តមភាពបច្ចេកទេសកីឡាកម្រិតខ្ពស់ ក្នុងការប្រកួតកីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣

ភ្នំពេញ ៖ ឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងជាប្រធាន NOCC និងជាអនុប្រធានអចិន្ត្រៃយ៍ CAMSOC បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់គោរពអនុវត្តន៍តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់បំផុត របស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងការពង្រឹងសមត្ថភាព គុណភាពកីឡាករ-កីឡាការិនី ឆ្ពោះទៅរកឧត្តមភាពបច្ចេកទេសកីឡាកម្រិតខ្ពស់ ក្នុងការប្រកួតកីឡា SEA Games-ASEAN Para Games ឆ្នាំ២០២៣។

ឯកឧត្តមបណ្ឌិត ថោង ខុន មានប្រសាសន៍ថា ដើម្បីពន្លឿនការត្រៀមរៀបចំការប្រកួតឱ្យបានគ្រប់ជ្រុងជ្រោយ និងប្រកបដោយស្ដង់ដារកីឡាអន្តរជាតិ ដោយឈរលើគោលការណ៍ កីឡាស្អាតស្អំ និងកីឡាបៃតង “Clean and Green Sport” ដើម្បីនាំមកនូវកិត្តិយស និងកិត្យា នុភាពជាតិ ក្នុងនាមជាម្ចាស់ផ្ទះ ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ២០២៣ ដែលជាប្រវត្តិសាស្ត្រដំបូងរបស់ព្រះរាជាណាចក្រកម្ពុជា។

ឯកឧត្តមបណ្ឌិត បានថ្លែងអំណរគុណសារជាថ្មីដល់ក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាជាតិ ក្រោមកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយគណៈកម្មាធិការជាតិរៀបចំ SEA Games-ASEAN Para Games ឆ្នាំ២០២៣ និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ធ្វើឱ្យព្រឹត្តិការណ៍ប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជាតិជនពិការ លើកទី១ ឆ្នាំ២០២២ ប្រព្រឹត្តទៅដោយរលូន និងទទួលបានជោគជ័យ ហើយដែលជាឱកាសផ្ដល់នូវមេរៀនបទពិសោធន៍ដ៏ល្អៗ សម្រាប់ឆ្ពោះទៅរៀបចំ SEA Games-ASEAN Para Games ឆ្នាំ២០២៣ នៅពេលខាងមុខ ឱ្យទទួលបានជោគជ័យផងដែរ។

ឯកឧត្តមបណ្ឌិត ថោង ខុន បានកោតសរសើរ និងថ្លែងអំណរគុណដោយស្មោះដល់ក្រសួងអប់រំ យុវជន និងកីឡា សហព័ន្ធកីឡាជាតិ និងអត្តពលិកទាំងអស់ ទាំងកីឡាករ កីឡាការិនីជនពិការ ដែលក្នុងរយៈពេល ១២ថ្ងៃ នៃប្រកួតកីឡាជាតិ លើកទី៣ និងកីឡាជាតិជនពិការលើកទី១នេះ បានប្រព្រឹត្តទៅយ៉ាងរលូន និងទទួលបានជោគជ័យ ក្នុងដំណើរការប្រកួតកីឡាគ្រប់ទាំង ៣៨ប្រភេទកីឡា ទាំងនៅរាជធានី-ខេត្ត យ៉ាងសស្រាក់សស្រាំ។ ពិសេសសហព័ន្ធកីឡាជាតិ ដែលមានតួនាទីដឹកនាំការប្រកួតបានអនុវត្តន៍គោលការណ៍ស្ដង់ដារ បទបញ្ជា ការប្រកួតកីឡា ជាអន្តរជាតិបានត្រឹមត្រូវ គោរពក្រមសីលធម៌វិជ្ជាជីវៈកីឡាបានខ្ជាប់ខ្ជួន និងចៀសវាងបានទំនាស់បច្ចេកទេស ពិសេសចៀសវាងបាន នូវការប្រើសារធាតុលើកកម្លាំង និងសារធាតុញៀន ទៀតផង៕

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២