ភ្នំពេញ៖ ក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជា និងក្រុមបាល់ទាត់ជម្រើសជាតិហ្វីលីពីន បាន និងកំពុងត្រៀមខ្លួនប្រកួតក្នុងពានរង្វាន់ជើងឯកអាស៊ីអាគ្នេយ៍ (AFF Mitushibishi Electric Cup) ឆ្នាំ២០២២ ខណៈក្រុមទាំងពីរស្ថិតនៅរួមពូល A ជាមួយគ្នា។

ការប្រកូតនេះផងដែរ គេក៏ឃើញមានវត្តមានកីឡាករ យុវជនសក្ដានុពលក្នុងក្រុមគឺមាន ៥នាក់ ដូចជាអ្នកចាំទី វីរៈ ដារា (១៩ឆ្នាំ), ខ្សែការពារ តាំង ប៊ុនឆៃ (១៩ឆ្នាំ), ខ្សែប្រយុទ្ធ សៀង ចន្ធា (២០ឆ្នាំ), លឹម ពិសុទ្ធ (២១ឆ្នាំ), សារ ទី (២០ឆ្នាំ)។ ដោយឡែក ហ្វីលីពីន ហាក់មានភាពប្លែកភ្នែកក្នុងការកោះហៅកីឡាករ ដោយសម្បូរទៅដោយយុវជនបែបនេះ។ ជាក់ស្ដែងមានកីឡាករ អាយុក្រោម ២៣ឆ្នាំ ដល់ទៅ ៨នាក់ក្នុងក្រុម ដែលភាគច្រើនជាយុវជនលេងនៅលីគក្នុងស្រុក។
ជាមួយនឹងករណីនេះ គ្រូបង្វឹករបស់ក្រុមទាំងពីរ ទាំងកម្ពុជា និងហ្វីលីពីន ក៏បានលើកឡើងរៀងៗខ្លួនអំពីកីឡាករយុវជន និងភាពប្រទាក់ក្រឡាគ្នាជាមួយគោលដៅស៊ីហ្គេម ២០២៣ ក្នុងសន្និសីទសារព័ត៌មាន មុនការប្រកួតជើងឯកអាស៊ីអាគ្នេយ៍ (AFF Mitushibishi Electric Cup) ឆ្នាំ២០២២ ដែលធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ នាព្រឹកថ្ងៃទី១៩ ខែធ្នូ។

សូមជម្រាបផងដែរថា ក្នុងបញ្ជីឈ្មោះជម្រើសជាតិឈុតធំបច្ចុប្បន្នរបស់ក្រុមទាំងពីរ សុទ្ធតែមានកីឡាករធ្លាប់បង្ហាញខ្លួនក្នុងស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ (លើកមកឆ្នាំ២០២២) ដែលទើបតែបញ្ចប់ការប្រកួតកាលពីខែឧសភា កន្លងទៅនេះ។ កម្ពុជា មានដូចជាកីឡាករ ហ៊ុល គីមហ៊ុយ, វីរៈ ដារា, ជួន ចាន់ចាវ, តាំង ប៊ុនឆៃ, សៀង ចន្ធា, លឹម ពិសុទ្ធ និង សារ ទី។ ចំណែកឯ ហ្វីលីពីន មានដូចជាកីឡាករ Yrick Gallantes, Christian Rontini, Oliver Bias, Sandro Reyes និងកីឡាករលើសអាយុ ២៣ឆ្នាំ Stephan Schrock៕

ដោយ៖វិកគី

