ភ្នំពេញ៖នៅដើមឆ្នាំ២០២៣ខាងមុខនេះ សហព័ន្ធកីឡាវាយសីកម្ពុជា នឹងបញ្ជូនអត្តពលិកជនមានពិការភាព ទៅហ្វឹកហាត់នៅប្រទេសថៃរយៈពេលវែង ឬម៉ាឡេស៊ី តាមរយៈការសម្របសម្រួលពីលោក Sambenthan Sivaperumal នាយកប្រតិបត្តិផ្នែកវាយសីអភិវឌ្ឍអាស៊ី ដែលមកពីសហព័ន្ធកីឡាវាយសីអាស៊ី។ នេះជាកាបញ្ជាក់របស់លោក ព្រំ សារ៉ាវុធ ។

លោក ព្រំ សារ៉ាវុធ គ្រូបង្វឹកកីឡាជនមានពិការភាព បានឲ្យដឹងថា ការប្រកួតកីឡាជាតិជនមានពិការភាព លើកទី១ ឆ្នាំ២០២២ថ្មីៗនេះ សិទ្ធផលកីឡាករជនមានពិការភាព កើនឡើងគួរឲ្យកត់សំគាល់ ប៉ុន្តែកីឡាការិនីជនមានពិការភាពនៅមានកម្រិត។ក្នុងបទសម្ភាសន៍ក្រោយបញ្ចប់វគ្គបណ្តុះបណ្តាលគ្រូបង្វឹកកម្រិត១ កាលពីថ្ងៃទី២១ ខែធ្នូ លោក ព្រំ សារ៉ាវុធ បានលើកឡើងថា កីឡាជាតិជនមានពិការភាព លើកទី១ កន្លងមក សហព័ន្ធកីឡាវាយសីកម្ពុជា បានសហការជាមួយគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា រៀបចំការប្រកួត៤ថ្ងៃ នៅទីលានកីឡាវាយសី ក្នុងពហុកីឡដ្ឋានជាតិ ដោយមានកីឡាករ កីឡាការិនីជនមានពិការភាព ៨នាក់ មកពី៤រាជធានី-ខេត្ត គឺរាជធានីភ្នំពេញ ខេត្តកណ្តាល ស្វាយរៀង និងខេត្តសៀមរាប។

លោកគ្រូបង្វឹករូបនេះបានបន្តថា ការប្រកួតខាងលើនេះ មានសារសំខាន់សម្រាប់សហព័ន្ធ និងគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា ដោយសារសហព័ន្ធខ្វះធនធានកីឡាករ កីឡាការិនីពិការលើប្រភេទកីឡាវាយសីច្រើន ដូច្នេះព្រឹត្តិការណ៍ថ្នាក់ជាតិនេះ គឺជាឱកាសក្នុងការជ្រើសរើស និងស្វែងរកអត្តពលិកជនមានពិការភាពយកមកហ្វឹកហាត់ ត្រៀមកីឡាអាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ នៅកម្ពុជា។

សូមបញ្ជាក់ថា ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គណៈកម្មាធិការជាតិប៉ារ៉ាហ្គេមកម្ពុជា បានត្រៀមកីឡាករ កីឡាការិនីកីឡាវាយសីជនមានពិការភាព ៨នាក់ ប្រកួតតាមវិញ្ញាសា ដែលវាយតម្លៃតាមពិការភាពរបស់អត្តពលិក ដើម្បីដណ្តើមមេដាយជាមួយអត្តពលិកជនមានពិការភាពមកពីតំបន់អាស៊ាន៕
ដោយ៖ វិកគី

