ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា បានលើកបង្ហាញពីការរៀបចំគោលនយោបាយជាតិ ស្តីពីការអភិវឌ្ឍវិស័យអប់រំកាយ និងកីឡា និងបានធ្វើកំណែទម្រង់ស៊ីជម្រៅលើការងារអប់រំកាយ និងកីឡាចំនួន ៤ចំណុច ដើម្បីលើកកម្ពស់វិស័យកីឡាឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣។នេះជាការលើកឡើងរបស់ឯកឧត្តមរដ្ឋមន្ត្រី ក្នុងពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាជូនដល់ជ័យលាភីកីឡាស៊ីហ្គេម លើកទី៣១ នៅទីស្តីការក្រសួងការពារជាតិ ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ក្រោមវត្តមានដ៏ខ្ពង់ខ្ពង់សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានគូសបញ្ជាក់ថា កំណែទម្រង់ស៊ីជម្រៅ៤ចំណុចនេះ រួមមាន៖ ១. ការជួសជុលកែលម្អ និងកសាងហេដ្ឋារចនាសម្ព័ន្ធកីឡា។ ២. ការបណ្ដុះបណ្តាលធនធានមនុស្ស។ ៣. ការកែលម្អរចនាសម្ព័ន្ធការប្រកួត និង៤. ការពង្រឹង និងគាំទ្រថវិកាទៅសហព័ន្ធកីឡាជាតិ។ ចំពោះសមិទ្ធផលសំខាន់ៗ ដែលទទួលបានរួមមាន៖ ទី១. ក្រសួងបានធ្វើប្រតិភូកម្មមុខងារ និងការគាំទ្រថវិកាទៅសហព័ន្ធកីឡាជាតិ ចំនួន៤២ ចាប់ពីឆ្នាំ២០១៧ មកទល់ឆ្នាំ២០២២នេះ ដើម្បីពន្លឿនការអភិវឌ្ឍកីឡាដែលមានក្នុង កម្មវិធីប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ។ទី២. ក្រសួងបានផ្ទេរមុខងារដល់រាជធានី-ខេត្តក្នុងការរៀបចំប្រកួតកីឡាគ្រប់ប្រភេទនៅថ្នាក់ក្រោមជាតិ។
ដោយឡែកថ្នាក់ជាតិទទួលបន្ទុករៀបចំការប្រកួតកីឡាសិស្សបឋមសិក្សាថ្នាក់ជាតិ, មធ្យមសិក្សាថ្នាក់ជាតិ, ឧត្តមសិក្សាថ្នាក់ជាតិ និងការប្រកួតកីឡាជាតិ។ ចំណែកឯ សហព័ន្ធកីឡាជាតិទទួលបន្ទុកការរៀបចំការប្រកួតជើងឯកថ្នាក់ជាតិ។ ទី៣. មជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានសហការជាមួយសហព័ន្ធកីឡាជាតិ ធ្វើការបណ្តុះ បណ្តាលក្រុមកីឡាជម្រើសថ្នាល ស្របតាមផែនការមេនៃការប្រកួតកីឡាស៊ីហ្គេមឆ្នាំ ២០២៣ ដែលក្នុងឆ្នាំ២០២២ មាន ៣៨ ប្រភេទកីឡា, កីឡាករចំនួន ១០៣៦ នាក់, ស្រី ២៨៤នាក់។

ទី៤. ក្រសួងបានផ្ដល់ឱកាសឱ្យសហព័ន្ធកីឡាជាតិបានរៀបចំការប្រកួតជាលក្ខណៈអន្តរជាតិ នៅក្នុងប្រទេស ដើម្បីទទួលបានបទពិសោធន៍ចំណេះដឹងក្នុងការរៀបចំការប្រកួតកម្រិត អន្តរជាតិ, វាស់ស្ទង់សមត្ថភាពកីឡាករ កីឡាការិនីកម្រិតអន្តរជាតិក្នុងតំបន់ និងជំរុញការ រៀបចំហេដ្ឋារចនាសម្ព័ន្ធតាមប្រភេទកីឡា។ ទី៥. កីឡាករ កីឡាកាវិនីកម្ពុជា ដែលបានចូលរួមការប្រកួតកម្រិតតំបន់, អាស៊ី, និងពិភពលោក ទទួលបានបទពិសោធន៍ពីការប្រកួត និងវាស់ស្ទង់គុណផលកីឡា ជាពិសេសកីឡាករ កីឡាការិនីកម្ពុជាទទួលបានមេដាយជាច្រើនគួរឱ្យកត់សម្គាល់៕
ដោយ៖ វិកគី

