ភ្នំពេញ៖ ពលរដ្ឋខ្មែរនៅខេត្តសុរិន្ទ ប្រទេសថៃ បានសម្ដែងសេចក្ដីរីករាយជាខ្លាំង ក្រោយទទួលបានការបណ្ដុះបណ្ដាល ពីមន្ដ្រីជំនាញរបស់សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា និងមានបំណងចង់រៀបចំការប្រកួតជើងឯកប្រចាំតំបន់ ដែលខ្លួនរស់នៅ នាថ្ងៃអនាគត ដើម្បីរួមចំណែកអភិវឌ្ឍន៍ និងអភិរក្សក្បាច់គុនរបស់បុព្វបុរសខ្មែរទៀតផង។នេះបើតាមការបញ្ជាក់របស់លោក អ៊ួ តារា អគ្គលេខាធិការរងសហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា បន្ទាប់ពីឯកឧត្តមបណ្ឌិតសភាចារ្យ ច័ន្ទ សារុន សមាជិករដ្ឋសភាព និងជាប្រធានសហព័ន្ធ ក៏ដូចជាឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការសហព័ន្ធ បានចាត់បញ្ជូនរូបលោក ដឹកនាំប្រតិភូ និងគ្រូគុនផ្សេងទៀត ទៅរៀបចំសិក្ខាសាលាស្ដីពីគុនល្បុក្កតោ តបតាមការអញ្ជើញរបស់ពលរដ្ឋខ្មែរនៅខេត្តសុរិន្ទ កាលពីចុងសប្ដាហ៍កន្លងទៅ។

លោក អ៊ួ តារា បានឱ្យដឹងថា តាមការអញ្ជើញខាងលើ ប្រតិភូគុនល្បុក្កតោកម្ពុជា បានរៀបចំសិក្ខាសាលា និងវគ្គបណ្ដុះបណ្ដាលបច្ចេកទេសអាជ្ញាកណ្ដាល-ចៅក្រម រយៈពេល៣ថ្ងៃ កាលពីថ្ងៃទី២៣ ដល់ថ្ងៃទី២៥ ខែធ្នូ កន្លងទៅ ដោយមានសិក្ខាកាមចូលរួម៣០នាក់។ អ្វីដែលពិសេស កម្មវិធីនេះ បានទទួលការគាំទ្រពីរដ្ឋបាលខេត្តសុរិន្ទ និងសាកលវិទ្យាល័យ Surindra Rajabhat ដោយមានថ្នាក់ដឹកនាំជាន់ខ្ពស់ខេត្ត និងសាលា ចូលរួមពិធីបើក-បិទផងដែរ។លោក តារា បន្ថែមថា៖ «ក្រៅពីការចូលរួមសិក្សា ក៏ដូចវគ្គបណ្ដុះបណ្ដាលបច្ចេកទេសខាងលើ ពួកគាត់ក៏មានគោលបំណងចូលរួមហ្វឹកហាត់ និងបណ្ដុះបណ្ដាលគ្រូបង្វឹក អាជ្ញាកណ្ដាល-ចៅក្រម មន្ដ្រីបច្ចេកទេស ដើម្បីពួកគាត់អាចរៀបចំការប្រកួតជ្រើសរើសជើងឯក ក្នុងខេត្តសុរិន្ទបាន នៅថ្ងៃអនាគតទៀតផង»។

សូមជម្រាបផងដែរថា ការរៀបចំសិក្ខាសាលា ក៏ដូចជាវគ្គបណ្ដុះបណ្ដាលបច្ចេកទេសគុនល្បុក្កតោ ដល់ពលរដ្ឋខ្មែរលើទឹកដីថៃនេះ ក៏ជាការរឹតចំណងមិត្តភាព សាមគ្គីភាព រវាងប្រជាជនកម្ពុជា និងប្រជាជនថៃផងដែរ ព្រោះតាមរយៈការផ្សព្វផ្សាយនេះ បានធ្វើឱ្យប្រជាពលរដ្ឋប្រទេសទាំង២ បានយល់កាន់តែស៊ីជម្រៅ អំពីគុនល្បុក្កតោ និងភាពខុសគ្នា រវាងក្បាច់គុនរបស់បុព្វបុរសខ្មែរមួយនេះ ជាមួយនឹងក្បាច់គុនរបស់ថៃ ឬ Muay Thai៕
ដោយ៖ វិកគី

