Camsoc បើកកិច្ចប្រជុំបូកសរុបសមិទ្ធផលការងារ និងវឌ្ឍនភាពការងារឆ្នាំ២០២២ និងលើកទិសដៅឆ្នាំ២០២៣

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ ហៅកាត់ថា Camsoc បានរៀបចំកិច្ចប្រជុំពិសេសមួយ កាលពីព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៣ ដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្រ្តៃយ៍ Camsoc ដើម្បីធ្វើការរៀបចំបូកសរុបនូវសមិទ្ធផលការងារ និងវឌ្ឍនភាពការងារឆ្នាំ២០២២ និងលើកទិសដៅសម្រាប់ Games Time ឆ្នាំ២០២៣ ដែលជាឆ្នាំរៀបចំការប្រកួត នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

ថ្លែងក្រោយបញ្ចប់កិច្ចប្រជុំ ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការ Camsoc បានបញ្ជាក់ថា កិច្ចប្រជុំនេះ បានផ្តោតការយកចិត្តទុកដាក់លើរបាយការណ៍សំខាន់ៗ ដែលរំលេចចេញពីស្នាដៃ និងសមិទ្ធផលការងារច្រើនណាស់ របស់គណៈកម្មការជំនាញនីមួយៗ បានធ្វើក្នុងឆ្នាំ២០២២ ពីព្រោះជាឆ្នាំស្តារការងារពីវិបត្តិកូវីដ-១៩ រយៈពេល២ឆ្នាំ ក្នុងឆ្នាំ២០២០ និងឆ្នាំ២០២១ ដែលបានធ្វើដោយម៉ត់ចត់ និងទំនុកចិត្ត ឆ្ពោះទៅឆ្នាំ២០២៣។

ឯកឧត្តមអគ្គលេខាធិការ បានគូសបញ្ជាក់ទៀតថា បន្ទាប់ពីគណៈកម្មការជំនាញទាំងអស់ បានផ្តល់ធាតុចូល ជូនគណៈអចិន្រ្តៃយ៍ Camsoc រួចហើយ ប្រសិនបើមិនមានការប្រែប្រួលទេ នៅថ្ងៃទី២០ ខែមករា ខាងមុខនេះ នឹងមានកិច្ចប្រជុំបូកសរុប ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងប្រធាន Camsoc ព្រមទាំងមានការអញ្ជើញចូលរួមពីអភិបាលរាជធានី-ខេត្ត និងក្រសួងពាក់ព័ន្ធជាអនុប្រធាន រួមទាំងគណៈកម្មការជំនាញ ផងដែរ។

ទន្ទឹមគ្នានេះ គណៈកម្មាធិការជាតិ Camsoc ត្រូវត្រៀមលក្ខណៈបញ្ជាក់ពីបទបញ្ជាការងារដ៏ម៉ឺងម៉ាត់មួយ ពីសម្តេចពិជ័យសេនា ទៀ បាញ់ នៅក្នុងការរៀបចំ Games Time ក្នុងពេលយើងប្រត្តិបត្តិការរៀបចំ Games។ អ្វីៗ គឺយើងដើរទៅដោយរលូន និងមោទនភាពជាតិយ៉ាងស្វាហាប់ជានិច្ច ក្នុងការត្រៀមលក្ខណៈនេះ ដើម្បីភាពជោគជ័យ នៃការទទួលធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ និងអាស៊ានប៉ារ៉ាហ្គមេ លើកទី១២ នាឆ្នាំ២០២៣។ ឯកឧត្តម វ៉ាត់ ចំរើន បញ្ជាក់បន្ថែម៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២