កីឡាការិនីគុនដាវ សន និច កាន់តែមានទំនុកចិត្តក្រោយទម្លាក់ម្ចាស់មេដាយមាសរបស់វៀតណាម នៅម៉ាឡេស៊ី

ភ្នំពេញ៖ កីឡាការិនីជម្រើសជាតិគុនដាវកម្ពុជា សន និច កាន់តែមានទំនុកចិត្ត ក្នុងការស្វែងរកមេដាយជូនជាតិ សម្រាប់ការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នាខែឧសភា ខាងមុខនេះក្រោយទម្លាក់ម្ចាស់មេដាយមាសស៊ីហ្គេម របស់វៀតណាម នៅក្នុងការប្រកួតកីឡាគុនដាវជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣ នៅម៉ាឡេស៊ី ។

កីឡាការិនី សន និច ដែលប្រកួតលើវិញ្ញាសានារីឯកត្តជនដាវកាប់ ធ្វើបានយ៉ាងល្អក្នុងការប្រកួត ដោយបានយកឈ្នះកីឡាការិនីជាម្ចាស់មេដាយមាសស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ របស់វៀតណាម Bui Thi Thu Ha ក្នុងលទ្ធផល ១៥ទល់៩ នៅវគ្គជម្រុះ៣២នាក់ដំបូង មុននឹងរងបរាជ័យនៅវគ្គ១/៨ផ្តាច់ព្រ័ត្រ ដែលនាំឱ្យនាង បានបញ្ចប់ការប្រកួតលើវិញ្ញាសានេះ ដោយឈរនៅលេខ៧ ក្នុងចំណោមកីឡាការិនីទាំង៣២នាក់។

សន និច បានរៀបរាប់ដូច្នេះថា ៖«សម្រាប់ការចូលរួមប្រកួតជើងឯកអាស៊ីអាគ្នេយ៍ នៅប្រទេសម៉ាឡេស៊ី លើកនេះ ហាក់ធ្វើឱ្យខ្ញុំភ្ញាក់ផ្អើលបន្តិច ដោយសារតែរាល់ដងអត់សូវមានមនុស្សចូលរួមច្រើន ដូចលើកនេះទេ។ ឆ្នាំនេះ មានមនុស្សចូលរួមច្រើនមែនទែន ហើយប្រជុំទៅដោយកីឡាករ កីឡាការិនី ត្រៀមស៊ីហ្គេម នៅកម្ពុជាយើងតែម្តង»។យ៉ាងណាក៏ដោយ សម្រាប់ការទម្លាក់ម្ចាស់មេដាយមាសស៊ីហ្គេមរបស់វៀតណាម នៅវគ្គ៣២នាក់ដំបូងនេះ បានធ្វើឱ្យ សន និច កាន់តែមានការជឿជាក់លើខ្លួនឯង។

សូមជម្រាបថាសន និចមានដើមកំណើត នៅខេត្តព្រៃវែង កីឡាការិនិនីកើតថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០០២ បានចាប់ផ្ដើមលេង និងហ្វឹកហាត់កីឡាគុនដាវ នៅឆ្នាំ២០១៦ ហើយក្រោយចំណាយពេល បាន២ឆ្នាំ គឺនៅឆ្នាំ២០១៨ កីឡាការិនីរូបនេះ បានជាប់ជាជម្រើសជាតិ និងបានចូលរួមការប្រកួតលើឆាកអន្តរជាតិជាបន្តបន្ទាប់។ នៅឆ្នាំដែលជាប់ជម្រើសជាតិលើកដំបូង សន និច បានចេញទៅចូលរួមប្រកួតកីឡាគុនដាវជ្រើសរើសជើងឯកអាស៊ី នៅប្រទេសថៃ ហើយនៅឆ្នាំ២០១៩ នាងបានចូលរួមប្រកួតកីឡាគុនដាវជ្រើសរើសជើងឯកសាកលវិទ្យាល័យអាស៊ី នៅប្រទេសសិង្ហបុរី ជាពិសេសបានចូលរួមប្រកួតព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកដំបូង ក្នុងអាជីពរបស់ខ្លួន នៅប្រទេសហ្វីលីពីន។ក្រោយស្រាកស្រាន្តពីវិបត្តិកូវីដ នៅឆ្នាំ២០២២ សន និច ក៏បានចេញទៅចូលរួមប្រកួតកីឡាគុនដាវ ជ្រើសជើងឯកសាកលវិទ្យាល័យអាស៊ី នៅប្រទេសសិង្ហបុរី និងជាថ្មីម្ដងទៀត កីឡាការិនីជម្រើសជាតិកម្ពុជារូបនេះ បានចូលរួមប្រកួតកីឡាស៊ីហ្គេម លើកទី៣១ នៅប្រទេសរៀតណាម កាលពីខែឧសភា ឆ្នាំ២០២២ ហើយចុងក្រោយបានចូលរួមប្រកួតកីឡាសាកលវិទ្យាល័យអាស៊ាន (ASEAN Unaversity Games) នៅប្រទេសថៃ និង ជាទីដែលនាងរកបានមេដាយមាស លើវិញ្ញាសានារី ដាវតូច ជាក្រុម ៣នាក់៕

ដោយ៖ វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២