ភ្នំពេញ៖ ក្រោយពីកម្ពុជាបានលុបចោលពាក្យ Muay និងប្រើពាក្យ «គុនខ្មែរ» ជាផ្លូវការ នៅស៊ីហ្គេមឆ្នាំ ២០២៣នេះ មានការប្រតិកម្មពីភាគីថៃដែលជាសមាជិកមួយក្នុងចំណោមសមាជិកដែលចូលរួមក្នុងការ ប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។

ឆ្លើយតបជាមួយសារព័ត៌មានក្នុងស្រុក ឯកឧត្តម វ៉ាត់ ចំរើន តាមរយៈគណៈកម្មាធិការជាតិរៀបចំការ ប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ បានបញ្ជាក់ថា៖“យោងទៅតាមច្បាប់របស់កីឡា ប្រសិនជាមាន ៤ប្រទេសឡើងទៅ យើងអាចប្រកួតបានហើយ។ យើងបាន ៦ប្រទេសគាំទ្រប្រកួតហើយ។ ដូច្នេះយើងអត់ខ្វល់ចំពោះអ្នកណាមិនចូលរួមប្រកួតទេ”។
ឯកឧត្តម វ៉ាត់ ចម្រើន បានបញ្ជាក់ថាៈ«ភាគីថៃមានសិទ្ធិមិនចូលរួមប្រកួតក្នុងគុនខ្មែរ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ ចំណែកកម្ពុជាក៏នឹងមិនចូលរួមប្រកួត Muay Thai ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៥ដូចគ្នា។ ក្នុងនាមជាម្ចាស់ផ្ទះ កម្ពុជាមានសិទ្ធិរក្សា និងប្រកាន់គោលការណ៍អត្ដសញ្ញាណជាតិរបស់ខ្លួន។

“បើគេប្រកួតស៊ីហ្គេម លើកក្រោយឆ្នាំ២០២៥ ប្រសិនថៃ ដាក់ថា Muay Thai ក៏យើងអត់ចូលដែរ។ នេះគឺជារឿងធម្មតា នៅពេលគេដាក់ Muay Thai យើងក៏អត់ចូលទៅប្រកួត។កម្ពុជានឹងឈប់បញ្ជូនអត្តពលិកទៅប្រកួតវិញ្ញាសា«Muay Thai» បើថៃ និងប្រទេសសមាជិកផ្សេងទៀតមិនព្រមប្រកួត«Kun Khmer»នៅស៊ីហ្គេមនាពេលខាងមុខ។ ពេលយើងដាក់គុនខ្មែរ គេអត់មក។ នេះគឺជារឿងរបស់គេ ប៉ុន្ដែមានប្រទេសផ្សេងទៀត គេចូលរួម។ ប្រទេសដែលចូលរួមមាន៖ឡាវ មីយ៉ាន់ម៉ា វៀតណាម ឥណ្ឌូណេស៊ី ហ្វីលីពីន និងម៉ាឡេស៊ី”។

ជាមួយគ្នានេះដែរ ឯកឧត្តមតែម ម៉ឺន ប្រធានសហព័ន្ធប្រដាល់គុនខ្មែរ បានប្រាប់សារព័ត៌មានថា កម្ពុជាមិនកែប្រែឈ្មោះវិញ្ញាសានេះទេ ព្រោះជាប្រភេទកីឡាបញ្ជាក់ពីអត្ដសញ្ញាណរបស់កម្ពុជា។ បើទោះជាថៃមិនចូលរួមក៏ដោយ ប៉ុន្ដែកម្ពុជាមានការគាំទ្រពីសមាជិកផ្សេងទៀត។ ប្រធានរូបនេះ បាននិយាយថា៖ «គេ មិនមកប្រកួតយើងមិនដឹងធ្វើយ៉ាងម៉េចទេ ជាសិទ្ធិរបស់គេ ប៉ុន្ដែដល់តែពេលគេធ្វើ យើងក៏អត់ចូលរួមដែរ៕

ដោយ៖វិកគី

