អត្តពលិកកង់ភ្នំកម្ពុជា ទទួលបានពានចំនួន៦ ពីការប្រកួតពាន King Cup ជុំទី១នៅប្រទេសថៃ

ភ្នំពេញ៖ ក្រុមអត្តពលិកកីឡាកង់ភ្នំកម្ពុជា បានឈ្នះពានរង្វាន់ចំនួន៦ ពីការប្រកួតកង់ភ្នំ ពានរង្វាន់ King Cup ជុំទី១ នៅប្រទេសថៃ។បើតាមលោក អ៊ុច សុខវិបុល បានរៀបរាប់ថា សម្រាប់ការឈ្នះពានរង្វាន់ទាំង៦ មានដូចខាងក្រោម៖

** វិញ្ញាសា XCO Men Elite

១. កីឡាករ ឃឹម ម៉េងឡុង ទទួលបានចំណាត់ថ្នាក់លេខ៣

២. កីឡាករ ឆាន ឆៃហ្វុង ទទួលបានចំណាត់ថ្នាក់លេខ ៤

**វិញ្ញាសា XCO Men អាយុក្រោម២៣ឆ្នាំ

១. កីឡាករ ឃឹម ម៉េងឡុង ទទួលបានចំណាត់ថ្នាក់លេខ ៣

២. កីឡាករ ឆាន ឆៃហ្វុង ទទួលបានចំណាត់ថ្នាក់លេខ ៤

** វិញ្ញាសា XCO Women Elite

កីឡាការិនី ខេន ម៉ាឡៃ ទទួលបានចំណាត់ថ្នាក់លេខ៥

** វិញ្ញាសា XCO Women អាយុក្រោម២៣ឆ្នាំ

កីឡាការិនី ខេន ម៉ាឡៃ ទទួលបានចំណាត់ថ្នាក់លេខ៣

កីឡាករ២រូប និងកីឡាការិនី១រូប ទទួលបានពានរង្វាន់សរុប៦ក្នុងពូលកម្រិតខ្ពស់។នេះបើតាមការឲ្យដឹងពីលោក អ៊ុច សុខវិបុល គ្រូបង្វឹកកីឡាកង់ភ្នំ កាលពីរសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣ ពីប្រទេសថៃ។

លោកគ្រូបង្វឹករូបនេះ បានលើកឡើងថា ការចូលរួមប្រកួតនេះ ចាំបាច់ណាស់មុនស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ពីព្រោះសហព័ន្ធបានធ្វើកិច្ចការ ដោយសេចក្តីព្យាយាម និងទំនុកចិត្តខ្ពស់ ដើម្បីយកលទ្ធផលមេដាយជូនជាតិ។ ឥឡូវនេះ ជោគជ័យបានស្តែងចេញបណ្តើរៗដែលជាទំនុកចិត្តខ្ពស់ក្នុងការស្វែងរកលទ្ធផលល្អប្រសើរ និងជាការបង្កើនបទពិសោធន៍កម្រិតខ្ពស់បន្ថែមទៀតទាំងកម្លាំងកាយ បច្ចេកទេស កលល្បិច និងកសាងទំនុកចិត្តខ្ពស់ សម្រាប់ក្រុមជម្រើសជាតិមុនស៊ីហ្គេម ឆ្នាំ២០២៣។

គួរបញ្ជាក់ផងដែរថា ការប្រកួតនេះ កីឡាករ កីឡាការិនី ម្នាក់ៗបានចុះឈ្មោះប្រកួត៣វិញ្ញាសាដូចគ្នា។ ផ្នែកបុរស វិញ្ញាសា XCO Elite មានចម្ងាយផ្លូវ២៨គីឡូម៉ែត្រ ប្រណាំង៧ជុំ ក្នុង១ជុំៗមានចម្ងាយ៤គីឡូម៉ែត្រ។ ផ្នែកនារី Elite មានចម្ងាយ២៤គីឡូម៉ែត្រ ប្រណាំង៦ជុំ ក្នុង១ជុំៗមានចម្ងាយ៤គីឡូម៉ែត្រ និងផ្នែកបុរស-នារី វិញ្ញាសា Eliminate មានចម្ងាយ៧០០ម៉ែត្រ ទៅ១៤០០ម៉ែត្រ។

 

ការប្រកួតកង់ភ្នំ ពានរង្វាន់ King Cup ជុំទី១ នៅស្រុក Thong Pha Phum ខេត្ត Kanchanaburi ប្រទេសថៃនេះ កម្ពុជាបានបញ្ជូនប្រតិភូ និងអត្តពលិក៥នាក់ឱ្យចូលរួមប្រកួត ក្នុងនោះមាន លោក ផេង ប៉ូលីន ជាអ្នកដឹកនាំប្រតិភូ លោក អ៊ុច សុខវិបុល ជាគ្រូបង្វឹក កីឡាករ ឆាន ឆៃហ្វុង កីឡាករ ឃឹម ម៉េងឡុង និងកីឡាការិនី ខេន ម៉ាឡៃ។

គេនៅចាំបានថា ការចូលរួមប្រកួតព្រឹត្តិការណ៍កង់ភ្នំ នៅប្រទេសថៃ កាលពីថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២២ កម្ពុជាបានបញ្ជូនអត្តពលិកជម្រើសជាតិ៦នាក់ និងគ្រូបង្វឹក១នាក់ ទៅចូលរួមប្រកួតដោយទទួលបានពានរង្វាន់ចំនួន៨។ កីឡាករ ឆាន ឆៃហ្វុង ទទួលបានចំណាត់ថ្នាក់លេខ៣ កម្រិត Men Elite និងចំណាត់ថ្នាក់លេខ២ កម្រិតយុវជនអាយុក្រោម២៣ឆ្នាំ។ កីឡាករ ឃឹម ម៉េងឡុង ទទួលបានចំណាត់ថ្នាក់លេខ១ កម្រិតយុវជន, កីឡាការិនី ខេន ម៉ាឡៃ ទទួលបានលេខ៥ កម្រិត Women Elite និងចំណាត់ថ្នាក់លេខ៣ កម្រិតនារីអាយុក្រោម២៣ឆ្នាំ៕

ដោយ៖វិកគី

ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២