ភ្នំពេញ៖ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២៣ខាងមុខនេះ កីឡាករ ធឿន ធារ៉ា នឹងជិះឧទ្ធម្ភាគចក្រ BELL 429 ដែលមានតម្លៃរហូតដល់ទៅជាង 7,000,000$ ដើម្បីទៅប្រកួតដណ្តើមខ្សែក្រវាត់គុនខ្មែរពិភពលោក IPCC Kun Khmer World Champions) ពីកីឡាករ Thiago នៅទឹកដីនៃខេត្តស្វាយរៀង។


ការប្រកួតដណ្តើមខ្សែក្រវាត់ IPCC Kun Khmer ក្នុងកម្មវិធីWurkz សង្វៀនគុនខ្មែរ ដែលនឹងរៀបចំឡើងនៅខេត្តស្វាយរៀងនាថ្ងៃទី១១ខែកុម្ភៈខាងមុខនេះ ទាំងធឿន ធារ៉ា និងធី អាហ្គោ សុទ្ធសឹងតែរំពឹងថា ខ្លួននឹងក្លាយជាម្ចាស់ខ្សែក្រវាត់លំដាប់ពិភពលោកមួយនេះ។


គួរបញ្ជាក់ផងដែរថា ក្រៅពីការប្រកួតដណ្តើមខ្សែក្រវាត់ IPCC Kun Khmer រវាង ធឿន ធារ៉ា និងធីអាហ្គោនោះ ក៏មានគូជក់ចិត្តមួយចំនួនទៀត ដូចជា ការប៉ះគ្នារវាងក្របីព្រៃ ពេជ្រ សម្បត្តិ ជាមួយនឹងរាហ៊ូមាស ឈុត សេរីវ៉ាន់ថង ខណៈជើងខ្លាំងគុនខ្មែរ២រូបទៀត គឺនាគមាស ឃីម បូរ៉ា និងឡៅ ចិត្ត្រា ត្រៀមស្វាគមន៍កីឡាករថៃ។


សូមបញ្ចាក់ថា កម្មវិធីវើកប្រដាល់គុនខ្មែរប្រចាំប្រទេសវគ្គ២មានការប្រកួតរៀងរាល់ថ្ងៃសៅរ៍ ចាប់ពីម៉ោង៧យប់តទៅមានការប្រកួតជាតិ និងអន្តរជាតិជាច្រើនគូនៅតាមបណ្តាខេត្ត ។ហើយសម្រាប់សប្តាហ៍នេះនឹងធ្វើនៅលើទឹកដីខេត្តស្វាយរៀង នៅមុខសាលាក្រុងផ្ទាល់តែម្តង៕

ដោយ៖ វិកគី

