ភ្នំពេញ៖ គណៈកម្មការជំនាញ នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) បានត្រៀមខ្លួនរួចរាល់ហើយ សម្រាប់រៀបចំការងារពិធីការ និងទទួលបដិសណ្ឋារកិច្ចថ្នាក់ដឹកនាំ មានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល ដែលនឹងអញ្ជើញចូលរួមពិធីបើកការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា នាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ។ នេះបើតាមប្រសាសន៍របស់ឯកឧត្តម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC ក្រោយបញ្ចប់កិច្ចប្រជុំប្រចាំសប្ដាហ៍របស់គណៈអចិន្ដ្រៃយ៍ CAMSOC ដែលដឹកនាំដោយឯកឧត្តមបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាអនុប្រធានអចិន្ដ្រៃយ៍ CAMSOC នៅមជ្ឈមណ្ឌលប្រតិបត្តិកីឡា នៃពហុកីឡដ្ឋានជាតិមរតកតេជោ នៅថ្ងៃទី២១ ខែកុម្ភៈនេះ។

បន្ថែមលើនេះ CAMSOC ក៏ត្រៀមខ្លួនជាស្រេច ដើម្បីត្រៀមទទួលបដិសណ្ឋារកិច្ច ចំពោះឥស្សរជន ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃបណ្ដាប្រទេសផ្សេងៗ ដែលបានអញ្ជើញដោយសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក៏ដូចជាក្រសួងការបរទេស ដោយបែងចែកដាច់ពីការងារពិធីការកីឡា ក្រោមការយកចិត្តទុកដាក់ និងរៀបចំយ៉ាងហ្មត់ចត់ ស្របតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។ នេះ បើតាមការបញ្ជាក់បន្ថែមរបស់ឯកឧត្តម វ៉ាត់ ចំរើន៕

ដោយ៖ វិកគី

