ព្រះករុណា ជាអម្ចាស់ជីវិតលើត្បូង ស្តេចយាងប្រោសព្រះរាជទានព្រះអគ្គីជ័យកីឡា នាព្រឹកម៉ិញនេះ

ស្ថិតក្រោមព្រះរាជតម្រិៈដង្ហែតាមព្រះរាជសកម្មភាពដ៏ឧត្តុង្គឧត្តមជាប្រវត្តិសាស្រ្តនៃព្រះករុណា ព្រះវររាជបិតាកីឡាជាតិ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត នៅវេលាព្រឹកថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣នេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងជាព្រះរាជាធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គីជ័យកីឡា សម្រាប់ការប្រកួតកីឡាអាស៊ីអាគ្នេយ៍លើកទី៣២ និង កីឡាអាស៊ានប៉ារ៉ាហ្គេមលើកទី១២ ឆ្នាំ២០២៣ នៅប្រាសាទអង្គរវត្តខេត្តសៀមរាប។

នៅក្នុងព្រះរាជពិធីប្រោសព្រះរាជទានព្រះអគ្គីជ័យកីឡានេះគឺមានការអញ្ជើញចូលរួមដង្ហែថ្វាយព្រះរាជសកម្មភាព ដោយថ្នាក់ដឹកនាំជាន់ខ្ពស់រាជរដ្ឋាភិបាល មហាជន និងភ្ញៀវជាតិ អន្តរជាតិយ៉ាងច្រើនកុះករផងដែរ។

គួរបញ្ជាក់ផងដែរថា៖ ព្រះអគ្គី ដែលសុំពីព្រះអាទិត្យហៅថា ព្រះអគ្គីទេព ឬភ្លើងកីឡានេះនឹងរក្សាទុកនៅក្នុងចង្កៀងពិសេសមួយ ដើម្បីយកទៅកាន់បណ្តាប្រទេសផ្សេងៗទៀត ដើម្បីធ្វើជានិមិត្តរូបនៃការរត់កាត់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ជាការបំផុសចលនាឲ្យប្រទេសទូទាំងអាស៊ីអាគ្នេយ៍ឲ្យគាំទ្រការរៀបចំការធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ របស់កម្ពុជា៕

     
ភ្ជាប់ទំនាក់ទំនងជាមួយ Town News
  • ដូច្នឹងផង២