ភ្នំពេញ៖ ក្រោយពីមានការបង្ហោះព្រោងព្រាតពីសំណាក់អ្នកគាំទ្រ និងផេកផ្លូវការរបស់ស្ថានីយ៍ទូរទស្សន៍ថោនមានការចែកចាយពេញបណ្តាញសង្គមតាំងពីម្សិលមិញនេះ ឃើញថាមានការចាប់អារម្មណ៍មកលើកីឡាករធឿន ធារ៉ា កាន់តែខ្លាំងឡើងៗ។


តាមរយៈការបង្ហោះរបស់ផេក Town Sports បានឱ្យដឹងថា» ការប្រកួត 1 Vs 3 បានវិលត្រឡប់មកវិញហើយ ដែលជាការប្រកួតដណ្តើមពានជើងឯកគុនខ្មែរអន្តរជាតិ បន្ទាប់ពី ធឿន ធារ៉ា ធ្លាប់ធ្វើបានសម្រេចម្តងរួចមកហើយក្នុងការប្រកួតបែបនេះកាលពីវគ្គផ្តាច់ព្រ័ត្រកម្មវិធី WURKZ ប្រដាល់គុនខ្មែរប្រចាំប្រទេសរដូវកាលទី1 ។


តើបងប្អូនចង់ឃើញកីឡាករមកពីប្រទេសណាខ្លះ មកប្រកួតនៅលើសង្វៀនរបស់ស្ថានីយ៍ទូរទស្សន៍ថោន?
លក្ខខណ្ឌដើម្បីឈ្នះប្រាក់រង្វាន់ និងទទួលបានពានជើងឯកគុនខ្មែរអន្តរជាតិនោះ៖
– ធឿន ធារ៉ា ទាល់តែផ្តួលគូប្រកួតទាំង3នាក់ឱ្យសន្លប់ ចុះចាញ់ និងបញ្ឈប់ដោយអាជ្ញាកណ្តាល រឺគ្រូពេទ្យ ទើបចាត់ទុកថាឈ្នះ ហើយទទួលបានប្រាក់រង្វាន់ 1000ដុល្លារ បន្ថែមលើតម្លៃខ្លួន និងពានជើងឯកគុនខ្មែរអន្តរជាតិ ។
– តែបើ ធឿន ធារ៉ា ផ្តួលគូប្រកួតសន្លប់បាន 1នាក់ទទួលបាន 200ដុល្លារ សន្លប់ 2នាក់ទទួលបាន 400ដុល្លារ។
– បើកីឡាករទាំង 3នាក់មានកីឡាករណាម្នាក់ផ្តួល ធឿន ធារ៉ា ឱ្យសន្លប់នឹងទទួលបានប្រាក់បន្ថែមពីលើតម្លៃខ្លួន 200ដុល្លារ តែលក្ខខណ្ឌពិសេសបើផ្តួល ធឿន ធារ៉ា មុន 1នាទីក្នុងពេលឡើងប្រកួត នឹងទទួលបានប្រាក់់លើកទឹកចិត្តចំនួន 400ដុល្លារ ។

សូមជម្រាបជូនផងដែរថា ការប្រកួតនេះ ធ្វើឡើងនៅថ្ងៃទី25 ខែមិនា ឆ្នាំ2023នេះ នៅរាជធានីភ្នំពេញទីតាំង(ផ្សារទំនើប ជីបម៉ុង 271 មេហ្គាម៉ល) ចាប់ពីម៉ោង 7ល្ងាចតទៅ ផ្សាយផ្ទាល់នៅលើកញ្ចក់ទូរទស្សន៍ Town Full HDTV និងនៅលើហ្វេសប៊ុកផេក Town Full HDTV និង WURKZ ៕

ដោយ៖វិកគី

