ភ្នំពេញ៖ ក្រោយពីការប្រកួតដ៏តានតឹងនៅលើសង្វៀនគុនខ្មែរឆេមពានរបស់ស្ថានីយទូរទស្សន៍ថោនហ្វូលកីឡាករម៉ាលី អូប៉បានប្រាប់ថា រូបគេបានលោកគ្រូប្រាប់ឱ្យប្តូរយុទ្ធសាស្ត្រថ្មីនៅទឹកទី៤ ពេលនោះរូបគេបានផ្លាស់ប្តូរទម្រង់ប្រកួតភ្លាមៗ។


នៅក្នុងការប្រកួតលើសង្វៀនគុនខ្មែរឆេមពានកីឡាករ ដែលជាកូនសិស្សរបស់លោកគ្រូអេពូថង ម៉ាលី អូប៉ ប៉ះជាមួយភេត វ៉ាណន មកពីប្រទេសថៃ នៅក្នុងការប្រកួតលក្ខណៈគុនខ្មែរវ៉ៃប្រាំទឹកក្នុងមួយទឹកបីនាទី ប៉ុន្តែមានភាពតានតឹងខ្លាំងមែនទែនក្នុងរយៈពេល ៥ ទឹកពេញ។


កីឡាករវ័យក្មេងរូបនេះបានប្រាប់អ្នកសារព័ត៌មានរបស់យើងថា រូបគេក៏ធ្លាប់បានទស្សនាការប្រកួតរបស់ដៃគូកន្លងមកដែរ ដោយគេគឺជាកីឡាករមួយរូបដែលពូកែនៅក្នុងការប្រើជើង។ ហើយអូប៉ ក៏បានបន្ថែមថា ដោយសារតែមានការផ្ដល់កម្លាំងចិត្តក៏ដូចជាការបន្ថែមនូវយុទ្ធសាស្ត្រថ្មីពីសំណាក់គ្រូបង្វឹករបស់ខ្លួននៅក្នុងទឹកទីបួន ទើបធ្វើឲ្យរូបគេបានផ្លាស់ប្ដូរចិត្តគំនិត និងយុទ្ធសាស្ត្រវាយលុកកំឡុងពេលប្រកួតធ្វើឲ្យរូបគេអាចយកឈ្នះកីឡាករថៃបានដោយពិន្ទុនៅក្នុងការប្រកួតដ៏ស្វិតស្វាញមួយនេះ ។


សូមជម្រាបផងដែរថា កម្មវិធីគុនខ្មែរឆេមពាននេះ មានការផ្សាយជារៀងរាល់ម៉ោង 11 រសៀលតទៅនៅលើស្ថានីយទូរទស្សន៍ថោនរាងរាល់ថ្ងៃអាទិត្យ បងប្អូនអាចចូលរួមទស្សនាដោយសេរីនៅស្ថានីយ៍ទូរទស្សន៍ថោនសង្កាត់គីឡូម៉ែត្រលេខ 6 ផងដែរ។ប៉ុន្តែនៅចុងសប្តាហ៍នេះ យើងនឹងធ្វើការផ្អាកមួយសប្តាហ៍ ដើម្បីចូលរួមអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ៕

ដោយ៖វិកគី

